ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន កំពុងមានវត្តមាននៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅ ដល់អាកាយានដ្ឋានអន្តរជាតិ Chinggis Khaan នៃទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ប្រកបដោយសុវត្តិភាពហើយ កាលពីវេលាម៉ោង១៧និង៦នាទី ម៉ោងក្នុងប្រទេសម៉ុងហ្គោលី ត្រូវនឹងម៉ោង៣និង០៦នាទី ម៉ោងក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១១ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥-១៦កក្កដា។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានការទទួលបដិសណ្ឋារកិច្ចស្វាគម​ន៍ យ៉ាងស្និតស្នាលរាក់ទាក់បំផុត ពីសំណាកថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលម៉ុងហ្គោលី ព្រមទាំងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ុងហ្គោលីជាច្រើនរូប។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញទៅដល់ទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី នៅថ្ងៃទី២ បន្ទាប់ពីមេដឹកនាំអាស៊ី-អឺរ៉ុប មួយចំនួនដូចជា បានអញ្ជើញទៅដល់កាលពីរសៀលថ្ងៃទី១៣កក្កដា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១១ ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១៥-១៦កក្កដា។

តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១១ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី សម្តេចតេជោនាយករដ្ឋមន្រ្តីគ្រោងនិងជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី​ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក​នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន លោក​នាយករដ្ឋមន្រ្តីជប៉ុន ព្រមទាំងលោក លោកស្រី​ជាឥស្សរជនជាន់ខ្ពស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ី-អឺរ៉ុបជាច្រើនទៀត ដែលមានវត្តមានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១១ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី៕

មតិយោបល់