ព័ត៌មានជាតិ

ប្រុងប្រយ័ត្នបងប្អូន! មីម៉ាម៉ា ស្រាបៀរ ទឹកដោះគោជូរ ទឹកត្រចៀកកាំ… ត្រូវមន្ត្រីជំនាញរកឃើញខូចគុណភាព

ព្រះវិហារៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅតាមផ្ទះលក់ទំនិញនានា ក្នុងភូមិប្រមរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-ទឹកក្រូច ចំនួន ១១១ ដប ស្មើនឹង ៧៦.៩១ លីត្រ
-ទឹកផ្លែឈើចម្រុះ ចំនួន ១០៤ដប ស្មើនឹង ២៩.០២ លីត្រ
-ទឹកដោះគោជូរ ចំនួន ២០ ប្រអប់ ស្មើនឹង ៣.៦ លីត្រ
-ស្រាបៀរ ចំនួន ៤៨ កំប៉ុង ស្មើនឹង ១៥.៨៤ លីត្រ
-ភេសជ្ជៈប៉ូវកំលាំង ចំនួន ៩៦ កំប៉ុង ស្មើនឹង ២៤.៤៥ លីត្រ
-ទឹកត្រចៀកកាំ ចំនួន ០៣ កំប៉ុង ស្មើនឹង ០.៧២ លីត្រ
-កូនពោតកំប៉ុង ចំនួន ៣៦ កំប៉ុង ស្មើនឹង ១៤.០៤ គីឡូក្រាម
-មីម៉ាម៉ា ចំនួន ១២ កំប៉ុង ស្មើនឹង ០.៩៦ គីឡូក្រាម សរុបចំនួន ១៥ គីឡូក្រាម និង ១៥០.៥៤ លីត្រ ។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដុតកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់៕

មតិយោបល់