ភ្នំពេញៈ នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបុរសជាកមម្មករជាងបាញ់ថ្នាំម្នាក់ លើកដែកទីបទៅប៉ះនឹងខ្សែកាបភ្លើង ដែលមានតង់ស្យុងខ្ពស់ បណ្តាលឲ្យឆ្លងផ្ទុះឆក់ឆេះរលាកពេញខ្លួន រងរបួសធ្ងន់ ចំណែក២នាក់ទៀតរងរបួសស្រាល ស្ថិតក្នុងការដ្ឋានសំណង់ចិនមួយកន្លែង ក្រុម១៤ តាមផ្លូវ២០០៤ ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ឡុង ណារិន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាងបាញ់បៀកថ្នាំ ទើបមកធ្វើការបាន៥ថ្ងៃ មានទីលំនៅ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានមកធ្វើការសំណង់ក្នុងការដ្ឋាននោះ ចំនួន ៥ថ្ងៃប៉ុណ្ណោះ ដែលសំណង់នោះជាការដ្ឋានរបស់ចិន សាងសង់ក្បែរនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ ហើយនៅវេលាម៉ោងខាងលើ ខណៈដែលជនរងគ្រោះ លើកដែកទីបយកឡើងទៅលើចាប់រន្ទា បែរជាប៉ះចំនឹងខ្សែកាប ទើបបណ្តាលឲ្យឆ្លងឆក់គ្នាកម្មករចំនួន ៣នាក់ របួសធ្ងន់ម្នាក់ ស្រាល ២នាក់ ។
ក្រោយកើតហេតុត្រូវ បានកម្មករប្រជាពលរដ្ឋជួយលើក ជនរងគ្រោះរបួសធ្ងន់ ដឹកតាមម៉ូតូកង់បីបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីសង្គ្រោះអាយុជីវិត យោងតាមប្រជាពលរដ្ឋបានលើកឡើងថា សំណង់ជនជាតិចិនខាងលើ មិនដឹងថា មានច្បាប់ឬអត់ច្បាប់នោះទេ សំណង់សង់គៀកជាប់នឹងខ្សែកាបភ្លើង ដែលបង្កហារនិភ័យច្រើនប្រឈមគ្រោះថ្នាក់៕
https://youtu.be/uGrMU2MuEsU
មតិយោបល់