ព័ត៌មានជាតិ

ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ តាមចាប់ខ្លួនក្រោយពីមានដីកាបង្គប់ពីតុលាការ

ភ្នំពេញៈ ស្ត្រីម្នាក់ដែលជាមេតុងទីនត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចមុខវត្តទួលសង្កែ ផ្លូវលេខ៩០៧ ក្រុម១៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ស្ត្រីម្នាក់ដែលកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួននោះ គឺដោយសារតែមានដីកាបង្គប់លេខ ២៥១ដ.ច.ន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ របស់ចៅក្រមស៊ើបសួរលោក ហេង កេសរោ។

ក្រោយពីអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានទទួលដីកានោះហើយ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ បានបញ្ជាកម្លាំងក្នុងមូលដ្ឋានទាំងអស់ឲ្យធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើយកមកអនុវត្តទោសតាមដីកាបង្គប់ឲ្យឃាត់ខ្លួននោះ ឈ្មោះ ស៊ុន ស៊ីផា ហៅ ជីវ៉ា ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខែ្មរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៥២H ផ្លូវរថភ្លើង ក្រុម១៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិកោះធំ ឃុំកោះក្របី ស្រុកកោះធំ ខេត្តកណ្តាល ជាប់ចោទពីបទ ឆរបោក ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤, ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤, ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤, ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥, ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥, ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ពីបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រុមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់