ព័ត៌មានជាតិ

ស្រវឹងស្រា បើករថយន្តបុករះកង់បីឥណ្ឌា និងរទេះលក់សាច់អាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្លែក បានបើករថយន្ត មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកកង់បីឥណ្ឌាពេញទំហឹង បណ្ដាលឲក្រឡាប់ផ្ងារជើង រួចព្យាយាមបើករត់ ជ្រុលទៅបុករទេះលក់សាច់អាំង ពីរគ្រឿងទៀត បណ្ដាលរងការខូចខាត កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2-AP8487 ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AB 8838
ធ្វើដំណើរស្របគ្នា នៅខាងមុខពេញទំហឹង បណ្ដាលកង់បីឥណ្ឌាក្រឡាប់ផ្ងារជើងម្ខាង ហើយរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់ ទៅបុករះរទេះលក់សាច់អាំងពីរគ្រឿងទៀត ដែលចតលើចិញ្ចើមផ្លូវពេញទំហឹង រងការខូចខាតសម្ភារៈមួយចំនួន និងសាច់អាំងខ្ទាតរប៉ាត់រប៉ាយពេញថ្នល់។

ខណៈនោះរថយន្តបង្ក នៅតែបន្តបើករត់ទៀត ក៏ត្រូវប្រជាពរដ្ឋដេញចាប់បាន ទាំងរថយន្ត និងតៃកុងប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ ករណីនេះ មិនមានអ្នករបួស នោះទេ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង យករថយន្តបង្ក និងកង់បីឥណ្ឌា ព្រមទាំងរទេះលក់សាច់អាំងពីរគ្រឿងទៀត ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់