ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក ត្រូវម៉ូតូបុកបណ្ដាលឲ្យស្លាប់ម្នាក់ អ្នកកាសែត សុំសម្ភាសអធិការរងចរាចរណ៍ស្រុកបាទី ហាក់មិនចង់ផ្ដល់ព័ត៌មាន

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយរថយន្តមួយគ្រឿង ក្នុងទិសបញ្ច្រាសគ្នា បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ កាលពីវេលាម៉ោង ៩ និង១៥នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវលេខ១២២ ចន្លោះគីឡូម៉ែត្រលេខ ៩-១០ ត្រង់ចំណុចភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ យ៉ែត យុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១០ ពាក់ស្លាកលេខភ្នំពេញ1BU4884 បុកជាមួយនិងរថយន្តមិនចាំម៉ាក អ្នកបើកមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ ចំណែករថយន្ត មិនបានឈប់ទេ បានបើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែង និងធ្វើកំណត់ហេតុ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកភាគីរថយន្តដឹកដី សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីនាំខ្លួនយកមកទទួលខុសត្រូវមុខច្បាប់។

សូមបញ្ជាក់៖ ភ្នាក់ងារសារព័ត៌មាន Post News បានទំនាក់ទំនងទៅអធិការស្រុកបាទី ប៉ុន្តែលោកបានប្រាប់មកវិញថា​ ឲ្យសួរទៅខាងអធិការរងទទួលផ្នែកចរាចរណ៍ ពេលនោះភ្នាក់ងារយើង ក៏បានទាក់ទងបន្តទៅអធិការរងទៀត លោកប្រាប់ថា ពិតជាមានករណីនេះមែន ហើយយើងបានសុំរូបភាព ប៉ុន្តែលោកបានឆ្លើយវិញថា មិនមានទូរស័ព្ទល្អប្រើនោះទេ។

សង្ស័យលោក មិនចង់ផ្ដល់ព័ត៌មានដល់អ្នកកាសែត ឬមួយលោកចង់លាក់បាំងព័ត៌មានខាងលើហើយ ទើបបានជាបង្ហាញអាកប្បកិរិយា ដូចជាមិនចង់ផ្ដល់បទសម្ភាស ទៅឲ្យអ្នកកាសែត៕

មតិយោបល់