ព័ត៌មានជាតិ

ស្ត្រីម្នាក់ ដេកស្លាប់ក្រោយពីផឹកស្រាវីស្គី អស់មិនដល់មួយដប់រួចចូលដេក នៅយីហោក្រុមហ៊ុនហ្វាទីណាមេនផៅវ័រឯ.ក

ភ្នំពេញ: ស្ត្រីវ័យ៣៧ឆ្នាំម្នាក់ ត្រូវបានក្មួយប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់ក្រោយពីផឹកស្រាវីស្គី អស់មិនដល់មួយដប់ ហើយចូលដេក កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ០១.០៣ (យីហោក្រុមហ៊ុនហ្វាទីណាមេនផៅវ័រឯ.ក) ផ្លូវលេខ១០ ក្រុម៥ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះឈ្មោះ សុខ មុំ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅភូមិច្រកទៀស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទីព្រឹក ជនរងគ្រោះ បានធ្វើដំណើរពីស្រុកកំណើត មកភ្នំពេញក្នុងបំណង មកជូនដំណើរក្មួយទៅបម្រើការងារនៅឯក្រៅប្រទេស ។
ក្រោយពីជនរងគ្រោះ បានមកដល់ផ្ទះ ក៏បានជួបសំណេះសំណាល់គ្នាជាមួយក្មួយស្រី។ លុះដល់ម៉ោង៥ និង០០នាទីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ គាត់ក៏បានទៅទិញស្រាវីស្គី ០១ដបយកមកផឹក ។
ក្រោយពីគាត់ពិសាស្រាវីស្គីអស់មិនដល់មួយដប ហើយគាត់ក៏ចូលទៅដេក បាត់ទៅ។ លុះព្រឹកឡើងក្មួយស្រី ទៅមើលជនរងគ្រោះ ឃើញដេកស្លាប់ក្នុងបន្ទប់ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

យោងតាមការពិនិត្យរបស់ជំនាញកោសល្យវិច័យរាជធានីភ្នំពេញ និងលោកវេជ្ចបណ្ឌិត នង សុវណ្ណរ័ត្ន បានឲ្យដឹងថា សពស្លាប់ដោយសារគាំងបេះដូង។

បច្ចុប្បន្ន សពត្រូវ បានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើត៕

មតិយោបល់