ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹង នៅវេលាម៉ោង ៣និង២០នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រទូស្ដកេរ្តិ៍ខ្មាស់ និងគំរាមសម្លាប់ប្រើកាំបិតបុ័ងតោគំរាមកាប់សមត្ថកិច្ច ស្ថិតត្រង់ចំណុចផ្ទះជួលភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ថ ស ន ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ។
ជនសង្ស័យឈ្មោះ រស់ នៅ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន៖ កាំបិតបុ័ងតោដងដែកចំនួន ០១ ។
សភាពរឿងហេតុ៖ កាលពីវេលាម៉ោងកើតហេតុជនរងគ្រោះ កំពុងតែបោសសម្អាតក្នុងបន្ទប់ជួល ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនោះស្រាប់តែជនសង្ស័យបានស្ទុះចូលមកយកដៃឆ្វេង ច្របាច់កជនរងគ្រោះ ហើយដៃស្ដាំរុញខ្ទប់ទ្វារបិទបម្រុងចាប់រំលោភនារីរងគ្រោះ រួចជនរងគ្រោះរើបម្រះស្រែកឲ្យអ្នកជិតខាងជួយ ហើយជនសង្ស័យក៏បានទាត់ជនរងគ្រោះមួយជើងត្រូវចំក្បាលផ្នែកខាងក្រោយ បណ្ដាលឲ្យពកមួយកន្លែង ។ បន្ទាប់មកក៏មានអ្នកជិតខាង និងកម្លាំងសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ជួយអន្ដរាគមន៍ តែជនសង្ស័យបានទាញកាំបិតបុ័ងតោដងដែកពីចង្កេះខោខាងឆ្វេងស្រែកគំរាមកាប់សម្លាប់សមត្ថកិច្ច មិនឲ្យចូលធ្វើអន្ដរាគមន៍ ខណៈនោះ សមត្ថកិច្ចក៏បានស្ទុះចូលប្រតាយប្រតប់ជាមួយជនសង្ស័យបណ្ដាលឲ្យរងរបួសស្រាល ទើបចាប់ឃាត់ខ្លួនជនសង្ស័យបាន រួមនឹងវត្ថុតាង យកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់។
ក្រោយពេលសាកសួរ ជនសង្ស័យបានសារភាពថា រូបគេ(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពច្របាច់ក បម្រុងចាប់រំលោភលើជនរងគ្រោះ និងគំរាមកាប់សមត្ថកិច្ច ប្រាកដមែន ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង៕
មតិយោបល់