ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ ២០៦-២០៧ ស្ថិតក្នុងភូមិព្រៃផ្តៅ ស្រុកបាកាន បុរសម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ពាក់ព័ន្ធករណីបើករថយន្តកៀរ ម៉ូតូ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់។
ជនរងគ្រោះឈ្មោះ ឃុត ឈឺន អាយុ៥១ឆ្នាំ ភេទប្រុស រស់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ អ្នកបើករថយន្ត ឈ្មោះ ត្រា សុផលភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគោលពាក់ស្បែង ឃុំស្នឹង ស្រុកបាណន ខេត្តបាត់ដំបង។
ដំណើររឿង៖ មុនកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-7100។ មកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវពីជើងទៅត្បូង មិនប្រយ័ត្ន ត្រូវរថយន្តម៉ាក ហៃយ៉ាស់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-2177 របស់ក្រុមហ៊ុន មានជ័យ វីអាយភី អ៊ិចប្រេស្ស បើកបោះពួយយ៉ាងលឿន ទៅកៀរបណ្តាលឲ្យដួល រងរបួសធ្ងន់អ្នកបើកបរម៉ូតូ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងខាងលើ រួចធ្វើការឃាត់ខ្លួនតៃកុង រួមទាំងវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនិតីវិធី៕
មតិយោបល់