កណ្ដាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដហ៊ីយ៉ាន់ដាយ បុកជាមួយរថយន្ដនីសាន់ ធុនធំ ប្រភេទសណ្ដោងរ៉ឺម៉កពេញមួយទំហឹង បណ្ដាលជនរងគ្រោះជាអ្នកបើកបររថយន្ដហ៊ីយ៉ាន់ដាយទទួលរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២៦_២៧ ស្ថិតក្នុងភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
តាមប្រភពពីសមត្ថិកិច្ចបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ វ៉ន ជីវ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិបាស្រែ ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ជាអ្នកបើកបររថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7973 ។ ចំណែករថយន្ដភាគីម្ខាងទៀតម៉ាកនីសាន់ ពណ៌ខ្មៅពាក់ស្លាក លេខចង្កូតស្ដាំ PSHN-0568 ធុនធំ ប្រភេទសណ្ដោងសឺមីរ៉ឺម៉ក លេខកំពង់ចាម 4A-0301 អ្នកបើកបរជនមិនស្គាល់អត្ដសញ្ញាណ (រត់គេចបាត់ស្រមោល) ។
ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាកនីសាន់ ធុនធំខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ខណៈនោះក៏មានរថយន្ដមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ បើកបរស្របទិសគ្នា ដោយល្បឿនលឿន ក៏ឈប់មិនទាន់ បានបុករថយន្ដនីសាន់ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបររថយន្ដហ៊ីយ៉ាន់ដាយ ទទួលរងរបួសធ្ងន់ រីឯអ្នកបើកបររថយន្ដនីសាន់ បានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍ស្រុកបានចុះមកអន្ដរាគមន៍កន្លែងកើតហេតុ រួចហៅរថយន្ដសាមុយដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯរថយន្ដទាំង២គ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ចុះពិនិត្យនិងធ្វើការវាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់