ព័ត៌មានជាតិ

Update៖ រន្ធត់ណាស់! ស្លាប់ និងរបួសមនុស្ស ៥នាក់ នៅក្រុងព្រះសីហនុ រថយន្តដឹកឥដ្ឋ បុកម៉ូតូកង់បី២គ្រឿង

ព្រះសីហនុ:​ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវចំណោទចុះពីវត្តលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដដឹកឥដ្ឋមួយគ្រឿង បុកជាមួយម៉ូតូកង់បី២គ្រឿង បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ និងរបួស៣នាក់។

រថយន្តបង្កដឹកឥដ្ឋ ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-5813 អ្នកបើកបរឈ្មោះ ស៊ុ ថា អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ខេត្តកំពត រួមដំណើរម្នាក់ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីជើង ឆ្ពោះទៅត្បួង មកដល់ចំណុចខាងលើ ដោយសារស្ថានភាពផ្លូវចុះចំណោទ រថយន្តជាន់ហ្រ្វាំងមិនស៊ី ទើបជ្រុលទៅបុកជាមួយម៉ូតូកង់បី ២គ្រឿង។

ជនរងគ្រោះទី១៖ឈ្មោះ ស៊ុ ថា អ្នកបើកបររថយន្តបង្ក ស្លាប់នៅនឹងកន្លែងកើតហេតុ ទី២ អ្នករួមដំណើរនៅលើរថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ស្លាប់នៅនឹងកន្លែងកើតហេតុ ទី៣ឈ្មោះ ប៉េង សុង ភេទប្រុស ទី៤ឈ្មោះ ចិន ធីនី ភេទស្រី រងរបួសធ្ងន់ និងទី៥ឈ្មោះ សុង ប៉េងហួត ភេទប្រុស រងរបួសស្រាល អ្នកទាំង៣ ជាអ្នករួមដំណើរនៅលើម៉ូតូកង់បី។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាង ទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកសព ត្រូវបានក្រុមគ្រួសារ រៀបចំយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់