ភ្នំពេញៈ ប្រជាពលរដ្ឋបានរាយការណ៍មកសារព័ត៌មាន Post News ថា នៅវេលាម៉ោង ១ និង២៣នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ ៤៥៦ កែងនឹងផ្លូវ ៩៩ស្ថិតនៅភូមិអំពិល សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីចោរលួចម៉ូតូយកទៅបាត់ ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចនោះទេ។
ម៉ូតូដែលបាត់ម៉ាកស្កុបពី ពណ៌ស ស៊េរី ២០១៤ ដោយម្ចាស់ បានទុកម៉ូតូនៅមុខហាងរបស់គាត់ ហើយត្រូវបានជនសង្ស័យ ធ្វើសកម្មភាពលួចយកទៅបាត់ បង្កការភ្ញាក់ផ្អើលទាំងថ្ងៃតែម្ដង។
ហួសចិត្តបំផុតនោះ គឺក្រោយពេលកើតហេតុរួច ម្ចាស់បានរត់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក ដើម្បីដាក់ពាក្យបណ្ដឹង ឲ្យជួយស្វែងរកម៉ូតូគាត់ បែរជាមន្ត្រីប៉ូលិសប៉ុស្តិ៍ ឆ្លើយមកវិញថា «ទៅវិញសិន ជាប់រវល់ចាប់បទល្មើសហើយ» ហាក់បីដូចជាព្រងើយកន្តើយ មិនយកចិត្តទុកដាក់បញ្ហាពលរដ្ឋទាល់តែសោះ ធ្វើឲ្យគាត់ថា លែងចង់ទៅដាក់ពាក្យបណ្ដឹងហើយ។
សូមឲ្យលោក យិន សាន អធិការនគរបាលខណ្ឌចំការមន ជួយមើលមន្ត្រីក្រោមឱវាទរបស់លោកផង មេត្តាប្រើពេចន៍សមរម្យទៅលើពលរដ្ឋ កុំឲ្យពួកគាត់រិះគន់រឿងដដែលៗ ខណៈដែលមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នៅខណ្ឌចំការមន មានចោរលួចចោរឆក់ ក្រុមក្មេងស្ទាវដេញវៃគ្នាផ្អើលពេញផ្លូវ សូមឲ្យលោកជួយជំរុញមន្ត្រីរបស់លោក យាមល្បាតពួនស្ទាក់ទាំងយប់ទាំងថ្ងៃផង៕

មតិយោបល់