ព័ត៌មានជាតិ

សរសៃគុយទាវដែលមានផ្ទុកសារធាតុគីមីហាមឃាត់ប៉ូរាក់ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ធ្វើការហូត នៅក្នុងផ្សារអ្នកលឿង ខេត្តព្រៃវែង

ព្រៃវែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ថ្ងៃ៧ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដោយមានកិច្ចសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ជាពិសេសផលិតផល នំបញ្ចុក ដែលដាក់តាំងលក់នៅក្នុងផ្សារអ្នកលឿង ស្ថិតនៅ ភូមិ ០២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើផលិតផលទំនិញចំនួន ៧ មុខ ស្មើនឹង ១៥ គំរូ មានដូចជា៖ គុយទាវ បាញ់កាញ់ ត្រីងៀត ត្រីប្រម៉ា ត្រីចំហុយ ក្បាលត្រីប្រលាក់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញសរសៃគុយទាវ ទម្ងន់ ១ គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ប៉ូរាក់ ចំណែកនំបញ្ចុក រកពុំឃើញ មានសារធាតុគីមីទេ។ បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត និងយកកម្ទេចចោល។ ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា ផងដែរ៕

 

មតិយោបល់