ព័ត៌មានជាតិ

ទឹកក្រូច និងទឹកដោះគោដែលខូចគុណភាព និងហួសកាលបរិច្ឆេទ រួមជាងៀតបបែល មានផ្ទុកសារធាតុគីមីបូរ៉ាក់ ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ រកឃើញ និងដកហូត

តាកែវៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ទំនិញគ្រឿងកំប៉ុង នៅផ្សារតាកែវ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ នំបញ្ចុក បន្លែជាប្រភេទល្បោយ សរសៃគុយទាវ បង្អែមលូត និងត្រីងៀតបបែល ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញភាពមិនប្រក្រតីនៅលើម្ហូបអាហារ និងផលិតផលទំនិញ រួមមាន៖ ងៀតបបែល មានផ្ទុកសារធាតុគីមីបូរ៉ាក់ និងទឹកក្រូចដបធំ ១៥ ដប និងទឹកដោះគោ ២ កំប៉ុង ខូចគុណភាព និងហួសកាលបរិច្ឆេទ។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតដើម្បីធ្វើការដុតកម្ទេចចោលភ្លាមៗ និងបានឱ្យតំណាងម្ចាស់ម្ហូបអាហារ និងទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទ និងម្ហូបអាហារដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត ។

មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់