ភ្នំពេញៈ នៅវេលាម៉ោងប្រមាណ ៤រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ លោកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» រកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹបជាង ៤០០នាក់ ក្លឹបកម្សាន្តនេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមបញ្ជាក់៖ ក្រោយការឆែកឆេរកម្លាំងសមត្ថកិច្ច បានបិទក្លឹបជាបណ្តោះអាសន្ន និងនាំអ្នកលេងកម្សាន្តប្រមាណជាង ៤០០នាក់ ទៅស្នងការនគរបាល បើតាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា អ្នកលេងកម្សាន្តក្នុងក្លឹបនេះ ភាគច្រើនជនជាតិចិន និងវៀតណាម។ ក្លឹបកម្សាន្ត «លុច្សសារី» ជាក្លឹបកម្សាន្តមួយ ក្នុងចំណោមក្លឹបកម្សាន្តជាច្រើននៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទជាបន្តបន្ទាប់ ក្រោយពីសមត្ថកិច្ចបានចូលឆែកឆេររកឃើញមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៨។ ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនោះ ហើយមានការផ្ទុះអាវុធបណ្តាលឲ្យនារីម្នាក់រងរបួសភ្លៅ៕
មតិយោបល់