ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនចិនម្នាក់ពីបទឃុំមនុស្សទុកដើម្បីជំរិតយកទ្រព្យសម្បតិ្ត

សៀមរាបៈ កាលពីវេលាម៉ោង ៨និង១០នាទីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នគរបាលច្រកទ្វារអន្តរជាតិសៀមរាប បានឃាត់ខ្លួនជនជាតិចិនម្នាក់ ពីបទឃុំឃាំងឫបង្ខាំងមនុស្សដោយខុសច្បាប់។

ជនសង្ស័យឈ្មោះ LYU FEIFEI ភេទប្រុស កើតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៨៧ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E57566980 ត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាប លេខ72ដចជ«ក»/19 ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ករណីចាប់ឃុំឃាំងឫបង្ខាំងមនុស្សដោយខុសច្បាប់ក្នុងគោលបំណងជម្រិតយកទ្រព្យសម្បត្តិ ដែលប្រព្រឹត្តកាលពីថ្ងៃទី១២/១៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្រុងប៉ោយប៉ែន ខេត្តបន្ទាយមានជ័យ និងភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឃាត់ខ្លួនបណ្ណោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តសៀមរាប៕

មតិយោបល់