ព័ត៌មានជាតិ

បុគ្គលិក ពេទ្យកាល់ម៉ែត នាំគ្នាបរិច្ចាគឈាម ដើម្បីជួយអ្នកគ្រោះថ្នាក់

ភ្នំពេញៈ បុគ្គលិក កម្មករ កម្មការិនីនៃមន្ទីរពេទ្យកាល់ម៉ែតជាច្រើននាក់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានបរិច្ចាគឈាម ដោយស្ម័គ្រចិត្តក្រោមប្រធានបទ “ចែករំលែកជីវិតសូមបរិច្ចាកឈាម” ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ផ្តល់ជូនដល់មន្ទីរពេទ្យនានានៅទូទាំងប្រទេស ដែលកំពុងខ្វះឈាម ដើម្បីជួយសង្គ្រោះបន្ទាន់នូវជីវិតអ្នកជំងឺ និងអ្នករបួសធ្ងន់ធ្ងរ ជាពិសេសអ្នកគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវការឈាមជាចាំបាច់។

លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេប្រធានមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំហើយក៏ជាលើកទី៣ហើយដែលបុគ្គលិក កម្មករ កម្មការិនីនៃមន្ទីរពេទ្យកាល់ម៉ែតចំនួន៣៣៥នាក់បានស្ម័គ្រចិត្តចុះឈ្មោញបរិច្ចាកឈាម ដែលក្នុងនោះមានចាប់ពីតាំងពីថ្នាក់ដឹកនាំជាន់ខ្ពស់រហូតដល់បុគ្គលិក កម្មករ កម្មការិនីបានផ្តើមបរិច្ចាកឈាមរួមជាមួយនិងបងប្អូនក្រុមគ្រួសារញាតិមិត្តនៃអ្នកជំងឺដែលកំពុងត្រូវបានសង្រ្គោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកនោះដែរ។

លោកបន្តថា ការបរិច្ចាគឈាមនេះ មិនមែនធ្វើទៅដោយម្នាក់ឯងបាននោះទេ គឺត្រូវរួមសាមគ្គីគ្នា ក្នុងការបរិច្ចាគឈាម ជួយដល់អ្នករងគ្រោះនៅទូទាំងប្រទេស។

ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមបានមានប្រសាសន៍ថា “សព្វថ្ងៃនេះយើងទទួលបានការផ្តល់ឈាមក្នុង១ថ្ងៃៗ ចាប់ពី១៥០ផ្លោកឡើងទៅទើបសម្រួលតម្រូវការគ្រប់គ្រាន់ ដើម្បីសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ព្រោះក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមចន្លោះពី ៨០ទៅ១០០ប្លោក សម្រាប់ជួយសង្គ្រោះ ជនរងគ្រោះផ្សេងៗ ហើយទូទាំងប្រទេសត្រូវការឈាមប្រមាណ១៥០ប្លោក រៀងរាល់ថ្ងៃ។ ដូច្នេះយើងក៏នៅតែត្រូវការការផ្តល់ឈាម បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។

លោក ហុក គឹមចេង បានជំរុញ និងអំពាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្ដាចូលរួមបរិច្ចាគ ឈាមមកដល់អង្គភាពរបស់លោក ដើម្បីយកទៅជួយជនរងគ្រោះ បន្តទៀតព្រោះសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្គ្រោះជីវិតអ្នកដទៃ។

លោកប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានថ្លែងបញ្ជាក់ថា បើសិនជាគ្មានការចូលរួម ចំណែកពីសប្បុរសជនទាំងឡាយនោះមជ្ឈមណ្ឌលក៏មិនអាចទ្រទ្រង់ និងផលិតឈាម ដោយខ្លួននោះឡើយដូច្នេះការចូលរួមរបស់បងប្អូន ពិតជាមានសារសំខាន់យ៉ាងខ្លាំង។

លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតរួមនិងបុគ្គលិកកម្មករដែលបានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះ ដល់ជនរងគ្រោះ ដែលត្រូវ ការឈាមជាចាំបាច់នោះ៕

មតិយោបល់