ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ រអិលជើងធ្លាក់ពីលើដំបូលឃ្លាំង រងរបួសធ្ងន់ធ្ងរ

ភ្នំពេញ: កម្មករសំណង់ផ្នែកខាងជាងដែកម្នាក់ ខណ:ដែលឡើងប្រក់ដំបូលឃ្លាំង ជាន់ស័ង្កសីរអិលជើងធ្លាក់ កម្ពស់៨ម៉ែត្រមកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ បែកមាត់ បាក់ធ្មេញ បាក់ដៃស្តាំ ត្រូវបានកម្មកររួមការងារ ជួយដឹកតាមរ៉ឺម៉កចេញមកផ្លូវ ដើម្បីបន្តដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅការដ្ឋានសំណង់ឃ្លាំងមួយកន្លែង ក្នុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ស៊ីម ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ ផ្នែកខាងជាងដែក ស្នាក់នៅការដ្ឋាន ក្នុងភូមិកើតហេតុ មានទីលំនៅ ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ ។

តាមសម្តីបុរសឈ្មោះ ស៊ីម ស៊ាងហៃ អាយុ២១ឆ្នាំ មុខរបរកម្មករ ជាងដែក ត្រូវជាបងប្អូនជីដូនមួយនឹងជនរងគ្រោះ ស្នាក់នៅកន្លែងធ្វើការ មានទីលំនៅ ស្រុកភូមិជាមួយគ្នា បានឲ្យដឹងថា ពួកគេ ជាជាងដែក បាននាំគ្នាមកធ្វើការ នៅការដ្ឋានខាងលើ បានមួយខែមកហើយ ហើយមុនកើតហេតុ ខណ:ជនរងគ្រោះ រួមជាមួយកម្មករផ្សេងទៀត ឡើងប្រក់ដំបូល កំពុងតែធ្វើការ ស្រាប់តែជនរងគ្រោះ រអិលជើងលើស័ង្កសី ធ្លាក់តាំងពីកម្ពស់៨ម៉ែត្រមកដល់ដី បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង បែកមាត់ បាក់ធ្មេញ បាក់ដៃស្តាំ ។

ភ្លាមនោះៗ ជនរងគ្រោះ ត្រូវបានកម្មកររួមការងារនាំគ្នា ជួយលើកដឹកតាមរ៉ឺម៉កម៉ូតូ ចេញមកផ្លូវបេតុង ដើម្បីដឹកបញ្ជូនតាមរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យព្រះកុសុម:៕

មតិយោបល់