ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឆក់កាបូបលោកយាយវ័យ៦៩ឆ្នាំ នៅខណ្ឌសែនសុខ

ភ្នំពេញៈ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូបប្រាក់) ត្រង់ចំណុចមុខផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសរធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ឡេង ផល្លា ភេទស្រី អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទី១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

សមភារៈដកហូត៖
-កាបូបយួរដៃ ចំនួន០១
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន០២គ្រឿង
-លុយដុល្លាចំនួន១០០ដុល្លារ
-លុយខ្មែរចំនួន ៦០០,០០០រៀល (ប្រគល់ឲ្យជនរងគ្រោះវិញ)
-ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GS-9889 របស់ជនសង្ស័យ ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូកង់បីចេញពីផ្ទះ សង្កាត់ទឹកល្អក់ទី៣ ក្នុងគោលបំណងទៅផ្សារអ៊ីអន២ តែពេលជនរងគ្រោះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យជិះម៉ូតូមួយគ្រឿងមកជិតជនរងគ្រោះ ធ្វើសកម្មភាពឆក់យកកាបូបបានរួចគេចខ្លួន តែត្រូវជនរងគ្រោះស្រែកថាចោរៗ ស្របពេលនោះកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញហេតុការណ៍ធ្វើការដេញតាមចាប់បានជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវតតាមនីតិវិធីបន្ត៕

មតិយោបល់