ព័ត៌មានជាតិ

ប្រជាពលរដ្ឋកោតសរសើរលោកព្រះរាជអាជ្ញាប្រើល្បិចបញ្ឆោតឃាតកឲ្យចេញមុខដើម្បីវាយខ្នោះ

កំពង់ធំ: អំពើប៉ុនប៉ងមនុស្សឃាដគិតទុកជាមុនដ៏សាហាវមួយ បានកើតឡើងក្នុងទឹកដីខេត្តកំពង់ធំ តែដោយហេតុឈាមស្រែក ស្បែកហៅជនរងគ្រោះមិនស្លាប់តាមបំណងប្រាថ្នារបស់ជនសង្ស័យ តែត្រូវបានមកជាប់អន្ទាក់របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងសមត្ថកិច្ចប៉ូលិស ក្នុងល្បិចផ្សព្វផ្សាយព័ត៌មាន មិនពិតមួយដើម្បីឈាន ទៅដល់ឃាត់ខ្លួនជនសង្ស័យបានសម្រេច នៅម៉ោង៦និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ។

ក្នុងករណីខាងលើដែលមានឈ្មោះ ឃឹម ឈី ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ យោងតាមសេក្តីរាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ នៅវេលាម៉ោង ប្រហែល១៥និង៣០នាទី មានអំពើឃាតកម្មមិនបានសម្រេចមួយ កើតឡើងត្រង់ចំណុច ផ្លូវលំភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខណ:ពេលដែលបាត់ឪពុកកូនដើរតាមរក ក៏បានប្រទះឃើញឪពុក ដេកសន្លប់ហើយមានរបួស ឈាមស្រោចពេញមុខ និងដងខ្លួន ពោពេញទៅដោយស្នាមរបួស នៅត្រង់ក្បាល និងមុខចំនួន៤កន្លែង ។
ជនរងគ្រោះ មានសភាពរបួសធ្ងន់ធ្ងរជាទីបំផុត តែសំណាងល្អមិនស្លាប់ ក្រោមផ្លែពូថៅ និងដំបងរបស់ជនល្មើស ! ជនរងត្រូវបាន សាច់ញាតិក្រុមគ្រួសារ ដឹកយកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកុសម:( ពេទ្យលោកសង្ឃ) ក្រោយពីកើតហេតុព្រះរាជអាជ្ញាបានបញ្ជាចុះស៊ើបអង្កេតជាបន្ទាន់!សមត្ថកិច្ចបានធ្វើការពិនិត្យស្លាកស្នាមរបួសលើជនរងគ្រោះ និងការពិនិត្យកន្លែងកើតហេតុនិងតាមទៅពិនិត្យជនរងគ្រោះដល់មន្ទីរពេទ្យ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីបានបើកការស៊ើបអង្កេតទើបដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានដើរទៅព្រៃខាងក្រោយផ្ទះតែម្នាក់ឯង ក្រោយមកក៏មានបុរសម្នាក់ ដែលជាជនសង្ស័យបានពួនស្ទាក់ វ៉ៃគាត់ហើយកាប់ និងពូថៅបណ្តាលឲ្យដេកស្តូកស្តឹងជនប្រព្រឹត្តគិតថា ស្លាប់បាត់ហើយក៏រត់គេចខ្លួនទៅ ចំណែកបងប្អូនជនរងគ្រោះបានប្រទះឃើញ ជនរងគ្រោះហើយក៏ដឹកទៅមន្ទីរពេទ្យក្នុងអាការ:ធ្ងន់ធ្ងរ ក្នុងហេតុការណ៍នោះមិនទាន់ដឹងថា អ្នកណាជាជនដៃដល់នោះទេ ក្រោយពីសភាពជនរងគ្រោះដឹងខ្លួន ក៏បានប្រាប់សមត្ថកិច្ចពីមុខសញ្ញាដែលជាជនសង្ស័យ ដែលឈ្មោះ ស៊ុ សៀងហោ ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ជាមួយគ្នា ។

លោក អ៊ិត សុធា បានបន្តថា ដើម្បីចាប់ជនល្មើសបាន លោកបានប្រើល្បិចបញ្ឆោតស្វាឲ្យស៊ីចេក ដោយប្រាប់ទៅជំនាញ និងក្រុមគ្រួសាររបស់គាត់ថា ជនរងគ្រោះឈ្មោះ ឃឹម ឈី បានស្លាប់បាត់បង់ជីវិតហើយ ទើបធ្វើឲ្យជនសង្ស័យមិនមានការប្រុងប្រយ័ត្ន ហើយមិនរត់គេចខ្លួន ដោយសារមិនមានភស្តុតាងណាបញ្ជាក់ថា ខ្លួនជាអ្នកប្រព្រឹត្តទៅលើជនរងគ្រោះ! ដោយសារស្មានថា ជនរងគ្រោះស្លាប់ហើយ។

ក្រោយមកអធិការដ្ឋាននគរបាលស្រុកសន្ទុកតាមបញ្ជា របស់លោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាក៏ឈានទៅដល់ការឃាត់ខ្លួនតែម្តង៕

មតិយោបល់