ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ត្រូវប៉ូលិសឃាត់ខ្លួន

ភ្នំពេញ: នគរបាលប៉ុស្តិ៍ស្រះចកការ បង្រ្កាបជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ពាក់ព័ន្ធករណីជិះម៉ូតូឆក់ទូរស័ព្ទដៃពីនារីម្នាក់
កាលពីវេលាម៉ោង១ និង៣០នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅម្តុំផ្សារបឹងបៃតង ផ្លូវសម្តេចជាស៊ីម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយក្រុមជនសង្ស័យ បានជិះម៉ូតូឆក់ទូរស័ព្ទដៃនៅចំណុចមុខស្ថានីយ៍ប្រេងតូតាល់ ផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២ និង១០នាទីយប់។

ជនសង្ស័យទី១ឈ្មោះ ឆោន ស្ម័គ្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅក្នុងវត្តពូនភ្នំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ទី២ឈ្មោះ រី ភេទប្រុស អាយុប្រហែល២០ឆ្នាំ (គេចខ្លួន)។ ទី៣ ឈ្មោះ បារាំង ភេទប្រុស អាយុប្រហែល២០ឆ្នាំ (គេចខ្លួន)។ ទី៤ ឈ្មោះ ញ៉ា ភេទប្រុស អាយុប្រហែល១៩ឆ្នាំ (គេចខ្លួន)។ ទី៥ ឈ្មោះ និត ភេទប្រុស អាយុប្រហែល២០ឆ្នាំ (គេចខ្លួន)។ ជនរងគ្រោះឈ្មោះមិនស្គាល់ ភេទស្រី អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ មិនបានដាក់ពាក្យបណ្តឹង។

វត្ថុតាងចាប់យក៖
-ម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-4496 លេខតួ327656 លេខម៉ាស៊ីន327553 និងទូរស័ព្ទដៃមួយគ្រឿងម៉ាក SAMSUNG ពណ៌ទឹកមាស ជារបស់ជនសង្ស័យ។
-ទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពណ៌ស្វាយ ជារបស់ជនរងគ្រោះ។

សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២ និង១០នាទី យប់ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល៣០ឆ្នាំ បានជិះម៉ូតូតាមផ្លូវសហព័ន្ធរុស្សី ពីទិសខាងកើត ទៅទិសខាងលិច មកដល់ចំណុចមុខស្ថានីយ៍ប្រេងតូតាល់ ផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យឈ្មោះ រី ភេទប្រុស អាយុប្រហែល២០ឆ្នាំ ឈ្មោះ បារាំង ភេទប្រុស អាយុប្រហែល២០ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ,ឈ្មោះ ញ៉ា ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ,ឈ្មោះ និត ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ពណ៌ខ្មៅ និងជនសង្ស័យឈ្មោះ ឆោន ស្ម័គ្រ ភេទប្រុស អាយ២១ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ស ស្លាកលេខ ភ្នំពេញ 1GQ-4496 លេខតួ327656 លេខម៉ាស៊ីន327553 មកពីក្រោយជនរងគ្រោះ ភ្លាមនោះជនសង្ស័យឈ្មោះ រី បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះ កំពុងកាន់និយាយបានសម្រេច រួចហុចទូរស័ព្ទដៃម៉ាក OPPO ពណ៌ស្វាយ ឲ្យជនសង្ស័យឈ្មោះ ឆោន ស្ម័គ្រ យកទៅលក់ ពេលនោះកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេញតាមពីក្រោយ រហូតដល់ចំណុចម្តុំផ្សារបឹងបៃតង ផ្លូវសម្តេចជាស៊ីម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆោន ស្ម័គ្រ រួមវត្ថុតាងទូរស័ព្ទដៃម៉ាក OPPO ពណ៌ស្វាយមួយគ្រឿង ជារបស់ជនរងគ្រោះ និងម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ស ស្លាកលេខ ភ្នំពេញ 1GQ-4496 នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ។
ចំពោះជនសង្ស័យចំនួន០៤នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់។ រីឯកចំណែកជនរងគ្រោះ ពុំបានដាក់ពាក្យបណ្តឹង និងជិះម៉ូតូចេញទៅបាត់។

ជនសង្ស័យឈ្មោះ ឆោន ស្ម័គ្រ ពុំធ្លាប់ប្រើប្រាស់គ្រឿងញៀន និងជាប់ពន្ធនាគារទេ។
ក្រោយឃាត់ខ្លួនជនសង្ស័យរួចហើយ កម្លាំងជំនាញខណ្ឌ និងប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់