ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយកកាំបិតអា.ក ប្លន់ម៉ូតូ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្លន់យកម៉ូតូមួយកើតឡើងនៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក នួន នីណារ៉ូ មេ/ការមូលដ្ឋាន អាវុធហត្ថ ក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងចុះធ្វើប្រតិបត្តិការដល់កន្លែងកើតហេតុ ដើម្បីសួរនាំហេតុការណ៍ដែលកើតឡើង ហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឈុំ ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL-6610 ដែលជាម៉ូតូរបស់ជនរងគ្រោះ និងកូនកាំបិតចិតបន្លែ០១ដើមផងដែរ នៅចំណុចម្ដុំអាគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ ក្រុងប៉ោយប៉ែត វេលាម៉ោង ៥និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

លោក វ/ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកមូលដ្ឋាន អាវុធហត្ថក្រុង ដើម្បីសាកសួរចម្លើយ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្លន់យកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ប្រាក់ សុខុម ជាអ្នករត់ម៉ូតូឌុបពិតប្រាកដមែន ដោយខ្លួនបានប្រើល្បិចធ្វើជាហៅម៉ូតូជិះទៅភូមិប្រជាធម្ម ដោយប្រាប់ម្ចាស់ម៉ូតូឱ្យជិះផ្លូវកាត់ដើម្បីងាយស្រួលធ្វើសកម្មភាព ពេលទៅដល់កន្លែងស្ងាត់រូបគេក៏បានយកកូនកាំបិតអារកជនរងគ្រោះពីក្រោយបណ្ដាលឱ្យម៉ូតូដួល ហើយរូបគេក៏លើកម៉ូតូជិះសំដៅទៅរកកន្លែងដាក់បញ្ចាំ តែគ្មានអ្នកណាទទួលបញ្ចាំសោះ ហើយខ្លួនក៏ជិះបន្តទៅដល់ចំណុចអាគារថ្មី ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

ដោយទទួលបានចម្លើយសារភាព និងមានវត្ថុងតាងគ្រប់គា្រន់ ជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថ ខេត្តចាត់ការបន្ត។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅរសៀលថ្ងៃទី២២នេះ។ ចំណែកម៉ូតូត្រូវបានកម្លាំង អាវុធហត្ថក្រុង ប្រគល់ឱ្យក្រុមគ្រួសារជនរងគ្រោះវិញហើយ ដោយឡែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែតផងដែរ៕

មតិយោបល់