ព័ត៌មានជាតិ

ជនសង្ស័យសកម្មលួចកញ្ចក់រថយន្តគេ ពេលនេះប៉ូលិសចាប់បានហើយ

ភ្នំពេញ: នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចកញ្ចក់រថយន្ត នៅចំណុចមុខផ្ទះលេខ៩អា ផ្លូវ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ កិន ចម្រើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងមាន៖ ម៉ូតូមួយគ្រឿងម៉ាក វ៉េវចិន ពណ៌ខ្មៅ ស្លាកលេខ ទ-០២៣០ភព១ លេខម៉ាស៊ីន ២០០០០០០២៤។ កញ្ចក់រថយន្តខាងឆ្វេង ០១ សន្លឹក ម៉ាកLUXES RX300 ជារបស់ជនរងគ្រោះ ឈ្មោះ វ័ន គីមនិះ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ៩អា ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៨ ព្រឹកជនរងគ្រោះ បានយករថយន្តរបស់ខ្លួន មកចតទុកនៅមុខផ្ទះលេខ៩អា ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចក៏ដើរចូលក្នុងផ្ទះ ធ្វើការដូចសព្វដង លុះដល់វេលាម៉ោង ៣និង៣០នាទី រសៀលនាថ្ងៃខែឆ្នាំដដែល ស្រាប់តែឮសំទ្បេងស្រែកផ្អើលឆោឡោថា ចោរៗលួចកញ្ចក់រថយន្ត ពេលនោះជនរងគ្រោះ ចេញមកមើលឃើញជនសង្ស័យខាងលើ រត់ចេញពីរថយន្តរបស់ខ្លួន សំដៅទៅផ្លូវព្រះមុន្នីវង្ស ដោយមានកាន់កញ្ចក់រថយន្តនៅនឹងដៃ ហើយជនរងគ្រោះ និងអ្នកជិតខាងបានស្រែកចោរៗ ដេញពីក្រោយតាមផ្លូវព្រះមុន្នីវង្ស រហូតដល់ចំណុចមុខមន្ទីរពេទ្យកាលម៉ែត្រ ពេលនោះកម្លាំងសមត្ថកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងល្បាតក្នុងមូលដ្ឋាន ក៏ធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមវត្ថុតាងកញ្ចក់រថយន្ត និងម៉ូតូមួយគ្រឿងម៉ាកវ៉េចិន ពណ៌ខ្មៅ នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

មតិយោបល់