កំពង់ឆ្នាំងៈ កម្លាំងសមត្ថកិច្ចចម្រុះចំនួន២៨នាក់ ប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន៧គ្រឿង បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រ ឃុំស្វាយរំពារ ស្រុកកំពង់លែង ដោយរុះរើបំផ្លាញចោលរបាំងសាច់អួនដាក់វែងៗ ខុសច្បាប់នៅក្នុងរដូវបិតនេសាទបាន៤កន្លែង ស្មើនិង៨៥០ម៉ែត្រ។
ប្រតិបត្ដិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ដោយកម្លាំងសមត្ថកិច្ចចម្រុះរួមមាន៖ មន្ត្រីជលផលសង្កាត់ ផ្នែក សហគមន៍នេសាទ អាជ្ញាធរស្រុកកំពង់លែង អាជ្ញាធរឃុំស្វាយរំពារ នគរបាលស្រុក អាវុធហត្ថស្រុក សរុបចំនួន២៨នាក់ ប្រើប្រាស់កាណូត៧គ្រឿង បានសហការគ្នាចុះបង្ក្រាបបទល្មើសនៅក្នុងភូមិសាស្ត្រស្រុក កំពង់លែង មាននៅក្នុងចំណុចទំនប់ស្រុក ភូមិក្នុង និងភូមិជើងគ្រួស។
លោក ម៉ប់ សាម៉ុន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា លទ្ធផលប្រតិបត្តិការនេះ កម្លាំងយើងបានរុះរើបំផ្លាញចោលរបាំងសាច់អួនខុសច្បាប់៤កន្លែង មានប្រវែង៨៥០ម៉ែត្រ លបលូ១២មាត់ បង្គោល៤៥០ដើម និងចាក់លែងត្រីចម្រុះចំនួន១០គីឡូក្រាមចូលក្នុងទន្លេវិញ។
លោកនាយរងខណ្ឌរដ្ឋបាលជលផលបានបន្ដថា របាយការណ៍ ដែលប្រជាពលរដ្ឋបានរាយការណ៍ជូនលោកអភិបាលខេត្តថា មានរបាំងសាច់អួនរាប់គីឡូម៉ែត្រ នៅក្នុងតំបន់អភិរក្ស ក្នុងឡូត៍លេខ១០ ចាស់នោះ សមត្ថកិច្ចបានចុះរុករកសព្វកន្លែងហើយ តែរកមិនឃើញបទល្មើសដូចការរាយការណ៍នោះឡើយ ។ ចំណែកតាមច្បាប់ស្តីពីជលផល ការដាក់របាំងចាប់ត្រីនៅក្នុងរដូវបិតនេសាទ គឺអនុញ្ញាត ឲ្យរាយរបាំងដាក់លបឫស្សី មានប្រវែងតែ១០ម៉ែត្រតែប៉ុណ្ណោះ ហើយនៅក្នុងរដូវបើកនេសាទគឺអនុញ្ញាតឲ្យដាក់ប្រវែង៥០ម៉ែត្រ និងបើលើសពីប្រវែងកំណត់នេះ គឺខុសច្បាប់ដែលសមត្ថកិច្ចត្រូវធ្វើការបង្ក្រាប៕
មតិយោបល់