ភ្នំពេញៈ ដោយសារមើលឃើញពីស្ថានភាពផ្គង់ផ្គង់ភ្លើងនៅក្នុងតំបន់ នៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មិនទាន់គ្រប់គ្រាន់ មានការដាច់ភ្លើងជាញឹកញាប់ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈស្ថាទូតរបស់ខ្លួនប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដានេះ បានផ្តល់ម៉ាស៊ីនភ្លើងមួយគ្រឿង ដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីថែរក្សាសមុច្ច័យឯកសារគ្រប់ប្រភេទដែលកំពុងថែរក្សានៅក្នុងបណ្ណសាររដ្ឋាននេះឲ្យបានយូរអង្វែង។
លោក Joacchim Baron Von Marschall ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ឲ្យដឹងថា «ដោយមានកិច្ចសហការរវាងសារមន្ទីរទួលស្លែង និងរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការ GIZ\CPS កន្លងមកយើងបានជួយជ្រោមជ្រែងលើការបណ្តុះបណ្តាលធនធានមនុស្សផ្នែករក្សាឯកសារ ផ្តល់ទីប្រឹក្សាជំនាញ ឯកទ្ទេសផ្នែកសារមន្ទីរ និងបុគ្គលិកហាត់ការមួយចំនួនទៀត»។
លោក Marschall បន្ថែមថា អាល្លឺសន្យាថា នៅតែបន្តជួយគាំទ្រទាំងសម្ភារៈ បច្ចេកទេស ធនធានមនុស្ស និងថវិកា សម្រាប់ការថែរក្សា ការពារ រាល់ឯកសារប្រវត្តិសាស្រ្ត ដែលមាននៅក្នុងសារមន្ទីទួលស្លែងនេះ ឲ្យនៅគង់វង់យូរអង្វែង សម្រាប់ឲ្យអ្នកជំនាន់ក្រោយបានដឹងឮ និងចងចាំអំពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា ដែលត្រូវបានគេសម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
លោកបន្តថា តាមរយៈគម្រោងនេះ ក៏នឹងបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២កម្ពុជា-អាល្លឺម៉ង។ ម៉្យាងទៀតសង្ឃឹមថា សារមន្ទីរទួលស្លែង នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការ ស្ថាប័ននានា ក្នុងការផ្សព្វផ្សាយពីសារសន្តិភាព និងព្រឹត្តិការណ៍សោដ្ឋនាកម្មនានា ដែលកើនមានឡើងក្នុងសម័យខ្មែរក្រហម។
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលអាល្លឺម៉ង ដែលជានិច្ចកាលតែងតែបានជួយគិតគូរផ្តល់ជាសម្ភារៈ បច្ចេកទេស និងថវិកា សម្រាប់ជួយថែរក្សាឯកសារ ដែលមាននៅក្នុងបណ្ណសារដ្ឋានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ។ អំណោយម៉ាស៊ីនភ្លើងនេះ ពិតជាមានសារៈសំខាន់ណាស់ដល់ការចូលរួមថែរក្សាឯកសារដ៏កម្រទាំងនោះ ព្រោះថា កន្លងមកស្ថានភាពនៃការផ្គត់ផ្គង់ភ្លើងក្នុងតំបន់សារមន្ទីរនេះមិនគ្រប់គ្រាន់ដាច់ភ្លើងជាញឹកញាប់ ធ្វើឲ្យសីតុណ្ហភាព និងសំណើមក្នុងបន្ទប់ឡើងចុះដែលបង្កផលប៉ះពាល់ខ្លាំងដល់សមុច្ច័យឯកសារ ជាពិសេសឯកសារក្រដាស ហ្វីលរូបថត និងឯកសារចម្បងមួយចំនួនទៀត ដែលប្រទេសជាដៃគូរបានផ្តល់ឲ្យជាដើម។
សូមបញ្ជាក់ថា ប័ណ្ណសារដ្ឋានសារមន្ទីរទួលស្លែង មានរក្សាទុកសមុច្ច័យឯករសារ(បណ្តំឯកសារ) ចំនួន២ប្រភេទធំៗមាន សមុច្ច័យឯកសារសំណៅដើម និងច្បាប់ចម្លងនាអំឡុងទស្សវត្សឆ្នាំ១៩៩០។ ក្នុងនោះ មានឯកសារចម្លើយសារភាពចំនួន៤.១៨៦ច្បាប់ ឯកសារប្រវត្តិរូបជាង៦.០០០សន្លឹក ឯកសារទស្សនាវដ្តីបដិវត្តន៍ចំនួន៥៦ក្បាល ឯកសារសៀវភៅកត់ត្រាចំនួន១៨៥ក្បាល ឯកសារចម្រុះជាង៦.០០០ឯកសារ ហ្វីលរូបថត និងឯកសារដ្ឋបាលក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ ព្រមទាំងឯកសារច្បាប់ចម្បងមកពីប្រទេសដៃគូរនានាមួយចំនួនទៀត៕
មតិយោបល់