ព័ត៌មានជាតិ

កាច់សោកម៉ូតូបានសម្រេច ម្ចាស់ក្រឡេកឃើញទាន់ ស្រែកផ្អើលដេញចាប់បានម្នាក់ រត់រួចម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ មានករណីចោរលួចកាច់សោកម៉ូតូ ស្ថិតមុខឃ្លាំងអេតចាយ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះឈ្មោះ ម៉ាង មេន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករឃ្លាំងអេតចាយ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិលៀច ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD-5506) ។
ជនសង្ស័យឈ្មោះ ស៊ុ សុផាន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរដើរលួច មានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក មានស្រុកកំណើត សង្កាត់ផ្សារកណ្តាល៣ ខណ្ឌដូនពេញ រួមជាមួយបក្ខពួកឈ្មោះ ចាន់ តូ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(រត់គេចខ្លួន)។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានចតម៉ូតូទុកមុខឃ្លាំងដោយបានចាក់សោក ហើយខ្លួនកំពុងធ្វើការងារក្នុងឃ្លាំងអេតចាយ ស្រាប់តែ ឃើញជនសង្ស័យម្នាក់ដើរចូលទៅធ្វើសកម្មភាពកាច់សោកម៉ូតូខ្លួន ក៏ក្រឡេកឃើញស្រែកផ្អើលឆោឡោ ពលរដ្ឋក្បែរខាង រត់មកជួយដេញចាប់ បានម្នាក់ ស្វាគមន៍មួយដៃមួយជើង បែកក្បាលហូរឈាម ជនសង្ស័យម្នាក់ទៀត បើកម៉ូតូ សេ១២៥ ពណ៌ខ្មៅ រត់គេចខ្លួនទៅបាត់។ យោងតាមសម្តីជនសង្ស័យបានឲ្យដឹងថា មុនកើតហេតុបក្ខពួកបានជិះម៉ូតូពីបែកចាន ទៅបបួលខ្លួននៅផ្ទះឯក្បែរផ្សារទួលគោក សង្កាត់បឹងកក់២ នាំគ្នាជិះម៉ូតូ មកដល់ចំណុចខាងលើ ឃើញម៉ូតូចតទុកចោលមុខឃ្លាំង នឹកថាស៊ីបានមួយគ្រឿងហើយ ត្រូវបានម្ចាស់ឃើញស្រែកឆោឡោចាប់ខ្លួនបានប្រគល់ឲ្យប៉ូលិសតែម្ដង ។

ជនសង្ស័យចាប់ខ្លួនបានម្នាក់រួមជាមួយវត្ថុតាង ដែកចុងស្រួច ជាឧបករណ៍កាច់សោកម៉ូតូ សមត្ថកិច្ចឃាត់ខ្លួននាំទៅសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅផ្នែកជំនាញអធិការដ្ឋាន៕

មតិយោបល់