ព័ត៌មានជាតិ

អាជ្ញាធរ ខណ្ឌឬស្សីកែវ ចុះអប់រំអាជីវករ និងកាត់ស្លាកយីហោដែលរំលោភចូលចំណីផ្លូវ

ភ្នំពេញ: ដោយសារតែបច្ចុប្បន្នស្ថានភាពចរាចរណ៍ នៅតាមដងផ្លូវមានការមមាញឹកខ្លាំង ហើយអ្នកធ្វើដំណើរតាមផ្លូវទាំងអស់ប្រឈម នឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ប្រជាពលរដ្ឋមួយចំនួន មិនបានយកចិត្តទុកដាក់លើបញ្ហានេះ ហើយយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម និងដាក់របស់របរលក់ដូរតាមចិញ្ចើមផ្លូវខ្លះចូលក្នុងទ្រូងផ្លូវ ដែលបណ្តាលឲ្យផ្លូវធំទូលាយ ប្រែក្លាយជារួមតូចអង្អៀត និងបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ តម្រូវឱ្យសមត្ថកិច្ចចុះអប់រំណែនាំនិងរៀបចំសណ្តាប់ជាប្រចាំ
ហើយយុទ្ធនាការនេះចាប់ផ្តើមធ្វើជាបន្តបន្ទាប់។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ឃើញមានកម្លាំង គណ:បញ្ជាកាឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌចុះអប់រំណែនាំប្រជាពលរដ្ឋ និងកាត់ស្លាកយីហោ ដែលបានរំលោភចំណីផ្លូវយកធ្វើអាជីវកម្មរកស៊ី បង្កការកកស្ទះធ្វើឲ្យផ្លូវរួមតូច ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋស្ទើររាល់ថ្ងៃ ដើម្បីឲ្យពួកគាត់យល់ដឹងបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោក ។

ជាមួយការចុះអប់រំ និងកាត់សំយ៉ាបនោះផងដែរ លោកស្រីអភិបាលរង សូមឲ្យប្រជាពលរដ្ឋចូលរួមសហការ ក្នុងការគោរពនូវសណ្តាប់ធ្នាប់ទាំងអស់គ្នា និងសូមកុំឲ្យដាក់លយនូវរបស់របរលក់ដូរចេញពីចិញ្ចើមថ្នល់ និងទុក១ភាគ៣សម្រាប់អ្នកថ្មើរជើងក្នុងការធ្វើដំណើរ ហើយឲ្យពួកគាត់ធ្វើកិច្ចសន្យាផ្តិតមេដៃរះរើចេញ និងបញ្ឈប់ដាក់រញ៉េញ៉ៃបន្តទៀត ។

អាជ្ញាធរខណ្ឌលោកស្រី សួស សូលីដា បានលើកឡើងបន្តថា យើងមិនមែនចុះណែនាំម្តងឬពីរដងនោះទេ គឺយើងចុះធ្វើរាល់អាទិត្យ ប៉ុន្តែ បើទោះយ៉ាងណាក៏មិនអាចហាមឃាត់ឈ្នះដែរ ពោលគឺ ដូចវែកចកអឹងចឹង ពេលឮសមត្ថលិច្ចចុះទៅពួកគាត់ក៏រើចេញ ខណ:សមត្ថកិច្ចទៅបាត់ពួកគាត់បានដាក់លក់វិញដដែល ។
លោកស្រីបន្តថា ព្រឹកនេះធ្វើ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់សង្កាត់ស្រះចកខណ្ឌដូនពេញក្នុងទឹកដី សង្កាត់ទួលសង្កែ១ កាត់ស្លាកដែលលយចូលចំណីផ្លូវបានចំនួន ៣ស្លាកយកទៅរក្សាទុក នៅសាលាខណ្ឌជាការព្រមាន ហើយចាប់ពីថ្ងៃ២១នេះតទៅនឹងចុះធ្វើនៅផ្លូវ៥៩៨ ផ្លូវជាសុផារ៉ា និងផ្សារងិនអានបន្តទៀត ៕

មតិយោបល់