ព័ត៌មានជាតិ

ចេញល្បាតចល័តបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសស្រាប់តែប្រទះចោរលួចម៉ូតូវ័យក្មេងម្នាក់ឃាត់បានភ្លាម

ស្វាយរៀង: អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ឲ្យកម្លាំងសមត្ថកិច្ចមូលដ្ឋានទាំងអស់ ប្តូរវេនគ្នា ចេញល្បាតចល័ត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ទាំងយប់ទាំងថ្ងៃ។ ជាលទ្ធផលនៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៩ ម៉ោង ០១និង៥៧ រំលងអាធ្រាត នៅត្រង់ចំណុចគោលដៅ បឹងកែក ស្ថិតនៅភូមិបឹងកែក ឃុំធ្មា ស្រុករំដួល សមត្ថកិច្ចយាមគោលដៅ បានត្រួតពិនិត្យម៉ូតូជិះយប់បាន ចំនួន ១ គ្រឿងម៉ាក Lets ពណ៌ខៀវ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រៃវែង1N-0676 បើកដោយជនសង្ស័យឈ្មោះ ឃន ព្រើត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃចេក ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ។ លុះព្រឹកឡើងសមត្ថកិច្ច បានធ្វើតេស្តទឹកនោមរកសារធាតុញៀន ឃើញថាជនសង្ស័យមានផ្ទុកជាតិញៀនក្នុងទឹកនោម ព្រមទាំងបានស្រាវជ្រាវរកឪពុកម្តាយ បងប្អូន រហូតដល់ម៉ោង ១១និង០០នាទី បានទទួលព័ត៌មានថាម៉ូតូដែលជនសង្ស័យជិះ ជាកម្មសិទ្ធិរបស់ឈ្មោះ ផល្លា លាក់ ភេទប្រុស អាយុ២០ ឆ្នាំ មានទីលំនៅភូមិព្រិច ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង ហើយត្រូវជនសង្ស័យលួចកាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង ២១និង៣០ នាទី នៅត្រង់ចំណុចខារ៉ាអូខេដីថ្មី ស្ថិតនៅរាជធានីភ្នំពេញ។

បន្ទាប់ពីសមត្ថកិច្ចបានធ្វើការទំនាក់ទំនង ទៅម្ចាស់ម៉ូតូ ដើម្បីមកបំភ្លឺ រហូតដល់ម៉ោង ១៤និង៣០ នាទី ម្ចាស់ម៉ូតូបានមកដល់អធិការដ្ឋាននគរបាលស្រុករំដួល ហើយបានអះអាងថាម៉ូតូនេះពិតជាម៉ូតូរបស់ខ្លួន ដែលត្រូវជនសង្ស័យលួចយកពិតប្រាដកមែន ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់