ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានក្រុមជំនាញទម្លាក់យោង ប្រើល្បិចជ្រុះកញ្ចប់មាស បោកបញ្ឆោត នាំយកទៅដោះយកគ្រឿងអល័ង្កា លុយកាក់ ទូរស័ព្ទអស់ពីខ្លួនរលីង ទម្រាំដឹងខ្លួនថាបាញ់បោកគេ ក្រុមជនសង្ស័យគេចខ្លួនបាត់អស់ ទើបឆោឡោ កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នាំពីភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ទៅដោះយកទ្រព្យសម្បត្តិនៅក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។
ស្ត្រីរងគ្រោះឈ្មោះ ហួន មួយ ហៅអាមួយ អាយុ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ រីឯសម្ភារៈបាត់បង មានខ្សែករ មាស២ជី ក្រវិល៣ហ៊ុន លុយ១០ម៉ឺនរៀល និង ទូរស័ព្ទដៃម៉ាកOPPO មួយគ្រឿង ។
តាមសម្តីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខ្លួនបានទៅទិញម្ហូបនៅក្បែររោងចក្រQMI ស្រាប់តែជួបមនុស្សប្រុសម្នាក់ ពាក់កណ្តាលផ្លូវ ដើរមកសួរនាង និងរៀបរាប់ មានគេជ្រុះបាត់ថង់ក្រហមមួយ មានគ្រឿងអល័ង្កា គ្រាន់តែឆ្លើយតបវិញថា មិនបានឃើញ មិនបានដឹង ស្រាប់តែលេចមុខស្ត្រីម្នាក់ទៀត ជាជនសង្ស័យដែរ ដើរមកដល់ ប្រាប់ថាកុំមាត់ មានស្ត្រីម្នាក់ផ្សេងទៀត រើសបាន លាតមាត់ថង់ឲ្យមើលឃើញលោហៈក្រហមច្រាល តែមិនថ្វីទេ រងចាំចែកគ្នាយើង អ្នកដែលដឹងរឿង ហើយបញ្ចុះបញ្ចូលល្បូងឌុបនាំ គ្នា៥នាក់ ជនសង្ស័យ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ជិះម៉ូតូ ឌុបនាំគ្នា ដល់មុខផ្សារជម្ពូវ័នហើយ ប្រាប់ថា មនុស្សច្រើនខ្លាចគេដឹង រួចឌុបបន្ត រហូតចូលដល់ក្នុងបុរីសែមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក លាតមាត់ថង់ឲ្យមើលម្តងទៀត រួចហុចថង់ក្រហមមួយឲ្យកាន់ទុក ចាប់ដោះយកគ្រឿងអល័ង្កា លុយកាក់ ទូរស័ព្ទ អស់ពីខ្លួន ក្រុមជនសង្ស័យប្រាប់ថា នៅមួយចំណែកទៀត យកទៅលក់ ដូរចែកគ្នា បន្តទៀត ហើយឲ្យនាងរងគ្រោះ ឈររងចាំ ពួកជនសង្ស័យ គេចខ្លួនម្តងមួយៗ បាត់អស់ រហូតដល់វេលាម៉ោង៨និង៤៥នាទីព្រឹកដដែល ចាំមិនឃើញវិលវិញ ដាច់ចិត្ត លាមាត់ថង់មើល ឃើញខ្សែកមួយខ្សែ ក្រហមច្រាល កាន់សួរគេ ដឹងថាក្រឡៃ ទើបក្តុកក្តួល ដឹងថាចាញ់ល្បិច ជនសង្ស័យហើយ វិលត្រឡប់ទៅផ្ទះ ជួលវិញ ទាំងអស់រលីងពីខ្លួន ។
ក្រោយពីចាញ់ល្បិចក្រុមទម្លាក់យោងហើយ ស្ត្រីរងគ្រោះ ត្រូវបានមេភូមិ ទៅសាកសួរនាំ ហើយប្រាប់ឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ៣ ៕
មតិយោបល់