ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាកផច បុកជាមួយព្រូស ត្រង់ចំណុចស្តុបបំបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសជនជាតិខ្មែរម្នាក់រួមនឹងបុរសម្នាក់ទៀត បើករថយន្តស៊េរីទំនើបម៉ាកផចមួយគ្រឿង ជ្រុលទៅបុកជាមួយនឹងរថយន្តព្រូសមួយគ្រឿង ត្រង់ចំណុចស្តុបបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១និង៤០ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចស្តុបអាគារកាណាឌីយ៉ា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិខ្មែរម្នាក់ រួមដំណើរនឹងបុរសម្នាក់ទៀត បើករថយន្តស៊េរីទំនើបម៉ាកផចមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-2992 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះដល់ចំណុចស្តុបបំបែកជាបួនកន្លែងកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយរថយន្ត តូយូតា ព្រូសមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AX-8859 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរនឹងបុរសជនជាតិចិនពីរ នាក់ទៀត ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងចំពីចំហៀងខាងស្ដាំរថយន្តពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ភ្លាមនោះម្ចាស់រថយន្តម៉ាកផច បានដោះស្លាកលេខចេញពីរថយន្តបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់