ព័ត៌មានជាតិ

ម្ដងនេះ! ឃាត់ខ្លួនទាំងអ្នកលួច និងអ្នកបញ្ចាំ

ឧត្ដរមានជ័យៈ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ កៀត ចាន់ធី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យថា ខ្លួនបានបាត់ម៉ូតូ១គ្រឿង ម៉ាក TODAY ពណ៌ប្រផេះ មានលេខម៉ាស៊ីន1078609 កាលពីថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០១៩ វេលាម៉ោង ១៤និង០០នាទី ករណីនេះកម្លាំងប៉ុស្តិ៍នគរបាលអូស្មាច់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើការឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ និងទទួលផលចោរកម្មប្រុស/ស្រីចំនួន ៣នាក់បញ្ជូនទៅតុលាការ។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាមកម្លាំងប៉ុស្តិ៍បានសហការ ជាមួយកម្លាំងជំនាញអធិការដ្ឋានក្រុង ចុះស្រាវជ្រាវស៊ើបអង្កេត ឈានដល់ការកំណត់មុខសញ្ញាបានចំនួន ២នាក់៖
ជនសង្ស័យទី១/ឈ្មោះ ដន រ៉ាដូ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។
ជនសង្ស័យទី២/ឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារស្បូវ ភូមិអូរស្មាច់ សង្កាត់អូរស្មាច់។

ក្រោយពីការសាកសួររួចជនសង្ស័យឈ្មោះ ដន រ៉ាដូ បានសារភាពថា ខ្លួនជាមួយបក្ខពួកឈ្មោះ ញ៉ាញ់ ពិតជាបានប្រព្រឹត្តិអំពើលួចម៉ូតូ ១គ្រឿងខាងលើពិតប្រាកដមែន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង០០នាទី នៅផ្លូវ១ត្រង់ចំណុចមុខផ្ទះឈ្មោះ កៀត ចាន់ធី ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់​ក្រុងសំរោង ​បន្ទាប់មកខ្លួនបានយកម៉ូតូខាងលើទៅបញ្ចាំឲ្យឈ្មោះ ចាប អូន ភេទស្រី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានទឹកប្រាក់ចំនួន ៣០ម៉ឺនរៀល។

ករណីនេះ កម្លាំងជំនាញក្រុង និងកម្លាំងប៉ុស្តិ៍បានបន្តនីតិវិធី ចុះធ្វើការឆែកឆេរផ្ទះឈ្មោះ ចាប អូន ដែលជាកន្លែងទទួលបញ្ចាំ រកឃើញម៉ូតូចំនួន ៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៤គ្រឿង គ្មានឯកសារ ពេលនោះកម្លាំងជំនាញបានធ្វើការធ្វើកំណត់ហេតុ ដកហូតម៉ូតូដែលគ្មានឯកសារចំនួន ៤គ្រឿងខាងលើ យកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ ចំណែកឯម្ចាស់ផ្ទះដែលទទួលបញ្ចាំ និងជនសង្ស័យឈ្មោះ ដន រ៉ាដូ បាននាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីបន្ត៕

មតិយោបល់