ភ្នំពេញៈ នៅវេលាម៉ោង ៩យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មានករណីភ្ញាក់ផ្អើលដោយស្រ្តីម្នាក់ត្រូវបានសន្តិសុខហៅកង់បីដឹកយកទៅចោល ត្រង់ចំណុចកន្លែងបូជាសព (ប៉ាឆា) ក្នុងវត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនរងគ្រោះឈ្មោះ យាយ យ៉ា អាយុ ៦០ឆ្នាំ មុខរបរកម្មករសំណង់ នៅក្នុងបុរី លឹម ឈាងហាក់ ។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ គឺជាកម្មករសំណង់ តែគ្មានសាច់ញាតិកូនចៅអ្វីទាំងអស់ ហើយមួយរយៈចុងក្រោយនេះ ស្ត្រីរងគ្រោះបានកើតមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ដេកដួលតែលើកន្ទេល ប៉ុន្តែគ្មានអ្នកជួយមើលថែឲ្យបានដិតដល់នោះទេ។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែអាការៈជំងឺរបស់គាត់ហាក់កាន់តែដុនដាបខ្លាំង រហូតដល់បាត់មាត់បាត់ក ទើបអ្នកក្បែរខាងឃើញ នឹកស្មានតែផុតដង្ហើម ក៏រាយការណ៍ប្រាប់សន្តិសុខដែលយាមនៅកន្លែង ធ្វើការមកពិនិត្យមើល លុះមកដល់ជុំគ្នាគិតអ្វីមិនចេញ ក៏សម្រេចចិត្តនាំគ្នាទិញធូបទៀនដាក់ឱបជាប់ទ្រូងគាត់ ហៅម៉ូតូកង់បី១គ្រឿង មកដឹកយកទៅទុកចោលនៅកន្លែងបូជាសពក្នុងវត្តសំបួរមាស ព្រោះនឹកស្មានថា គាត់ស្លាប់បាត់ទៅហើយ។ ខណៈពេលតាអាចារ្យភ្លុកដែលប្រចាំការនៅទីនោះ បម្រុងរៀបចំធ្វើការបូជាសព ក៏សួររកលិខិតស្នាមមរណភាព បញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន តែអត់ឃើញមាន ទើបរាយការណ៍ជូនសមត្ថកិច្ច ចុះទៅពិនិត្យកន្លែងកើតហេតុតែម្តង ដើម្បីរៀបចំបូជា។ ពេលសមត្ថកិច្ចចុះទៅដល់ពិនិត្យបានច្បាស់លាស់ជាមួយតាអាចារ្យភ្លុក ស្រាប់តែប្រទះឃើញថា ស្រ្តីនោះមានដង្ហើមនៅឡើយ និងថែមទាំងហារមាត់ទៀតផង សុំរថយន្តជួយសង្គ្រោះស្ត្រីចំណាស់នោះ នៅមន្ទីរពេទ្យបង្អែកដង្កោ បច្ចុប្បន្ន ជំងឺគាត់មិនទាន់ដឹងនៅឡើយទេ៕
មតិយោបល់