ព័ត៌មានជាតិ

ម៉ូតូទៅត្រង់រថយន្តបត់ឆ្លងផ្លូវបុកគ្នាផាំងដួលបាក់ជើងឆ្វេងបុរសម្នាក់ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងទៅត្រង់រថយន្ដកំពុងបត់ឆ្លងផ្លូវបុកគ្នាផាំងដួលបាក់ជើងឆ្វេង កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៏ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ក្រហម ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ1Q-4315 បើកបរដោយឈ្មោះ ឃឹម រតនា ប្រុស អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិកអង្គការ ស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ របួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីពេទ្យព្រះកេតុមាលា។

រថយន្តម៉ាក ISZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-2182 បើកដោយឈ្មោះ ស្មាន សាន់ ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានបើកបត់ឆ្លងផ្លូវពីលិចទៅកើតដោយ មុនដំបូងបើកតាមផ្លូវជាតិលេខ៥ពីជើងទៅត្បូង ខណ:ពេលរថយន្តមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងដើម្បីបើកសំដៅទៅទិសខាងជើងវិញ ពេលកំពុងបើកបត់ឆ្លងទ្រូងផ្លូវទៅ ស្រាប់តែមានម៉ូតូមួយគ្រឿងខាងលើ បើកមកពីទិសខាងត្បូងទៅជើងក៏បានបុកគ្នារវាងរថយន្ត និងម៉ូតូបណ្តាលឲ្យដួលបាក់ជើងឆ្វេងតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងរថយន្តដឹកទៅសង្គ្រោះ នៅមន្ទីពេទ្យព្រះកេតុមាលា រួចក៏រាយការណ៍ប្រាប់ជំនាញវាស់វែងយករថយន្ត និងម៉ូតូព្រមទាំងអ្នកបើកទៅការិយាល័យចរាចរណ៍ផ្លូវគោកដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់