ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភា្លមៗ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តពីក្រោយពេញទំហឹង

កណ្ដាលៈ បុរសម្នាក់បើកម៉ូតូដោយល្បឿនលឿន ឈប់មិនទាន់បានបុកគូថរយន្តមួយគ្រឿង ចតលើចិញ្ចើមផ្លូវពេញមួយទំហឹង ដោយពុំដាក់ស្លាកសញ្ញាសម្គាល់ បណ្ដាលឲ្យបុរសរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអណោចអធ័ម ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ១០និង៣០នាទីយប់
លើផ្លូវលេខ១១៥ ស្ថិតនៅភូមិតាក្ដុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ។

ជនរងគ្រោះស្លាប់ឈ្មោះ នល មួយហៀង ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាក YAMAHA R6 ពណ៌ក្រហម+ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-1475 ។
រថយន្តបង្កម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-1444 បើកបរដោយជនមិនទាន់ស្គាល់អត្តសញ្ញាណ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តបានចតអែបលើចិញ្ចើមផ្លូវ ដើម្បីដោះដូរកង់ ដោយពុំដាក់ស្លាកសញ្ញាសម្គាល់ ខណៈនោះ ក៏មានម៉ូតូមួយគ្រឿងធ្វើដំណើរស្របទិសគ្នា បើកដោយល្បឿនលឿន ក៏ឈប់មិនទាន់បានបុករថយន្តពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីអ្នកបើកបររថយន្តបានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល។

ក្រោយមកសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង កសាងឯកសារយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង ចាត់ការតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា៖ ករណីនេះ គឺបង្កឡើងរថយន្តមានការធ្វេសប្រហែស ឈប់នៅកន្លែងងងឹតដោយ
មិនដាក់ភ្លើងសញ្ញា ពីក្រោយឲ្យបានត្រឹមត្រូវ ចំណែកម៉ូតូបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់