ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្រាបហ្គេមបាញ់ត្រីទំនើប ប្តូរពីទូរមកប្រើកំព្យូរទ័រ

ភ្នំពេញៈ ទីតាំង អ៊ីនធើណេតយីហោ CH net បង្កប់ទៅដោយ ហ្គេម បាញ់ ត្រីដ៏ទំនើបមួយកន្លែង ស្ថិតនៅចូលវត្តតាំងកសាង ក្នុងភូមិ ក្បាលដំរី២ សង្កាត់កាកាប២ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបដោយដកហូតបានហ្គេមបាញ់ត្រីចំនួន ៧គ្រឿង កំព្យូទ័រ ចំនួន២៧គ្រឿង និងកៅអី ចំនួន២៩គ្រឿង ។ ទោះបីជាយ៉ាងណាសមត្ថកិច្ចពុំបានឃាត់ខ្លួន អ្នកមើលការនោះទេ ។

ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើងកាលពីវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការដឹកនាំពីលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ។
តាមព័ត៌មានបានអោយដឹងថា ទីតាំងហ្គេមបង្កប់ល្បែងស៊ីសង មានថៅកែជាជនជាតិចិននៅពីក្រោយ និងមានអ្នកឈរឈ្មោះ និងខ្នងក្រាសនោះ ឈ្មោះ ហ៊ុន គឹមជាតិ និងមេការឈ្មោះ ព្រំ ណារាជ្យ ។ ទីតាំងនោះត្រូវបានគេដឹងថា បានបើកដំណើរប្រមាណជាង១ខែមកហើយក្រោមរូបភាព អ៊ីនធើណេតតែល្បែងស៊ីសងសុទ្ធ។

តាមអាជ្ញាធរ បានឲ្យដឹងថា ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ ពីទីតាំង CH net ដែលបង្កប់ហ្គេមបាញ់ត្រី លោក ហែម ដារិទ្ធ ប្រធានគណៈបញ្ជាការឯកភាពក៏បានបញ្ជាឲ្យលោក ប៉ាង លីដា អភិបាលរងខណ្ឌ ចុះបង្ក្រាបតែម្តង ។
នៅពេលគណៈបញ្ជាការឯកភាពទៅដល់ហើយ ធ្វើការត្រួតពិនិត្យ ឃើញទីតាំងមានវិញ្ញាបនបត្រ អនុញ្ញាតអាជីវកម្មពីសាលារាជធានីភ្នំពេញ និងឃើញ ទីតាំងខាងលើ បង្កប់ល្បែងស៊ីសងខុសច្បាប់ ធ្វើ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមហើយ អាជ្ញាធរ ក៏បានដកហូតសម្ភារៈ ដែលជាមធ្យោបាយ ក្នុងការបើកល្បែងស៊ីសង ព្រមទាំងធ្វើការបិទបណ្តោះអាសន្ន នៅមានទីតាំងជាច្រើនកន្លែងទៀត ដែលមានថៅកែជាជនជាតិចិន និងឈ្មោះខាងលើ បានឈរ បើកលេងដោយបង្កប់នូវល្បែងស៊ីសង៕

មតិយោបល់