កណ្ដាលៈ នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់។
ជនរងគ្រោះឈ្មោះ លឿង ហុង ហៅខុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំភូមិឃុំកើតហេតុ។
វត្ថុតាងដកហូតបាន៖ ម៉ូទ័រខួងដី ចំនួន១ ។
តាមប្រភពពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃខែកើតហេតុ វេលាម៉ោងប្រមាណ១៧ ស្រ្ដីជាប្រពន្ធ បានឃើញជនរងគ្រោះជាប្ដី យកម៉ូទ័រខួងដី ទៅតខ្សែភ្លើងចេញពីផ្ទះ ដើម្បីខួងដីដាំស្វាយនៅក្បែរផ្ទះ រីឯប្រពន្ធបានចេញពីផ្ទះទៅផ្សារបាត់ទៅ។
លុះមកដល់វេលាម៉ោងកើតហេតុ ខណៈដែលប្រពន្ធត្រឡប់មកពីផ្សារវិញ មិនឃើញប្ដីរបស់ខ្លួន ក៏មានការងឿងឆ្ងល់ ទើបដើររកក្បែរផ្ទះ ស្រាប់តែឃើញ ជនរងគ្រោះជាប្ដីដេកស្លាប់ ក៏ផ្អើលឆោឡោរដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្រុក ដើម្បីធ្វើការពិនិត្យ ។
បន្ទាប់ពីសមត្ថកិច្ចនគរបាលជំនាញទទួលបានព័ត៌មានខាងលើ ភ្លាមនោះ ក៏ចុះមកដល់កន្លែងកើតហេតុ រួចពិនិត្យឃើញថា ខ្លួនប្រាណជនរងគ្រោះ មានស្នាមឆេះខ្លោចត្រង់ពោះ និងប្រអប់ដៃខាងស្តាំ សន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ ដោយសារត្រូវចរន្តអគ្គិសនីឆក់ប្រាកដមែន រួចក៏ប្រគល់សាកសពជនរងគ្រោះ ឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់