ព័ត៌មានជាតិ

ក្រសួងទេសចរណ៍និងក្រសួងអប់រំ បញ្ចូលជំនាញទេសចរណ៍អាស៊ាន ក្នុងកម្មវិធីអប់រំ មានតម្លៃស្មើសញ្ញាបត្របាក់ឌុប

ភ្នំពេញ: ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា បានរួមគ្នារៀបចំដាក់បញ្ចូលកម្មវិធីបណ្តុះបណ្តាលជំនាញទេសចរណ៍អាស៊ានទៅក្នុងកម្មវិធីអប់រំកម្រិតវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដើម្បីផ្តល់ជំនាញទេសចរណ៍ដល់សិស្សានុសិស្ស ក្នុងរយ:ពេល៣ឆ្នាំ ដោយទទួលបានសញ្ញាបត្រវិជ្ជាជីវ:ទេសចរណ៍ មានតម្លៃស្មើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ជាមួយគ្នានោះ សិស្សទាំងអស់ក៏ត្រូវបានទទួលស្គាល់ជាអ្នកជំនាញទេសចរណ៍ ដែលមានសមត្ថភាពស្របតាមស្តង់ដារអាស៊ាន ថែមទាំងត្រូវបានចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអាស៊ាន មានលទ្ធភាពចាប់យកឱកាសការងារក្នុងប្រទេស និងតាមបណ្តាប្រទេសសមាជិកអាស៊ាន ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន(MRA)។

មន្រ្តីទេសចរណ៍បានឱ្យដឹងថា ការសិក្សាតាមកម្មវិធីបណ្តុះបណ្តាលខាងលើ នឹងផ្តល់ឱកាសដល់យុវជនអាចចូលបម្រើការងារនៅវ័យក្មេង ហើយអភិវឌ្ឍជំនាញរបស់ខ្លួន ស្របតាមមាគ៌ាអភិវឌ្ឍន៍ជំនាញ ដែលក្រសួងទេសចរណ៍ធ្លាប់បានផ្សព្វផ្សាយកន្លងមក។ មន្រ្តីដដែលបន្តថា “ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការនេះ ក្រសួងទាំង២បានចេញប្រកាសអន្តរក្រសួងបង្កើត គណ:កម្មការរៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ទេសចរណ៍អាស៊ានតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស”៕

ក្រសួងទេសចរណ៍និងក្រសួងអប់រំ

ក្រសួងទេសចរណ៍និងក្រសួងអប់រំ

ក្រសួងទេសចរណ៍និងក្រសួងអប់រំ

មតិយោបល់