ព័ត៌មានជាតិ

សង្សារមួយគូនាំគ្នាទៅច្រៀងខារ៉ាអូខេ «គ្រួសារ» ត្រូវចោរឆក់ មិនរំខានដល់លោកមេប៉ុស្តិ៍បឹងត្របែកទេ….

ភ្នំពេញ: កាលពីវេលាម៉ោង១២ និង០២នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខអូរ៉េនខារ៉ាអូខេ គ្រួសារ ផ្ទះលេខ១៩៥ AB ផ្លូវលេខ១០៥ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន មានករណីចោរធ្វើសកម្មភាពឆក់កាបូប។

សម្ភារ:បាត់បង់រួមមាន៖
-កាបូបស្ពាយ ពណ៌លឿង ១
-ទូរស័ព្ទ Oppo ស៊េរីថ្មី ១គ្រឿង
-សោម៉ូតូ១
-កាតឥណទាន ផ្សេងៗ និងលុយខ្មែរចំនួនប្រហែល៤០ម៉ឺនរៀល។

ដំណើររឿង៖ តាមប្រភពពីម្ចាស់រថយន្ត ឈ្មោះ អ៊ី លាងប៊ូ អាយុ៣០ឆ្នាំជាង មុខរបរលក់ដូរ និងនារីរូបស្រស់ម្ចាស់កាបូប (ជាសង្សារ) មានឈ្មោះ ស្រីនាង អាយុ២៥ឆ្នាំ បានបើករថយន្ត១គ្រឿង ម៉ាកព្រូស (TOYOTA PRIUS) ពណ៌ស បំណងចូលច្រៀងខារ៉ាអូខេ កន្លែងកើតហេតុ។ ពេលមកដល់ទីតាំងខាងលើ ក៏បានចតរថយន្ត ហើយនារីជាសង្សារក៏បានបើកទ្វារចុះពីរថយន្ត ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាម៉ាកហុងដាប៊ីត១ គ្រឿងយ៉ាងលឿនមកធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរូបស្រស់ បណ្ដាលឲ្យនារីរងគ្រោះដួលរបួសរលាត់ដៃរលាត់ជើង។

ភ្លាមៗនោះជនសង្ស័យ ក៏បាននាំគ្នាជិះរត់គេចខ្លួន តាមបណ្ដោយផ្លូវម៉ៅសេទុង ឆ្ពោះទៅកាន់ស្តុបបូកគោបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមអ្នកសារព័ត៌មានជូនទៅ ដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍រដ្ឋបាលបឹងត្របែក ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យយកមក ផ្ដន្ទាទោស តាមផ្លូវច្បាប់។

ពលរដ្ឋបានលួចខ្សឹបប្រាប់សារព័ត៌មាន Post News ថា ឲ្យលោកមេប៉ុស្តិ៍សង្កាត់បឹងត្របែក ជួយជំរុញមន្ត្រីក្រោមឱវាទរបស់លោក ឲ្យមានការល្បាតក្នុងមូលដ្ឋានផង កុំឲ្យកើតបទល្មើសចោរឆក់ចោរលួច ធ្វើឲ្យពលរដ្ឋព្រួយបារម្ភ សង្ស័យតែមន្ត្រីរបស់លោក ល្បាតតែក្បាលព្រលប់ យប់ជ្រៅរត់ចូលប៉ុស្តិ៍អស់៕

មតិយោបល់