ព័ត៌មានជាតិ

រថយន្តដឹកសិស្សសាលា «ប្រជាជន -កម្ពុជា អន្តរជាតិ» ប៉ះគ្នាជាមួយម៉ូតូ១គ្រឿង បណ្ដាលឲ្យរបួសធ្ងន់ ៣នាក់

តាកែវ: នៅវេលាម៉ោង ១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង។

ម៉ូតូម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-9203 ធ្វើដំណើរពីទិសខាងត្បូងយ៉ាងលឿន អ្នកបើកឈ្មោះ សយ រតន:ត្រៃ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិតុំ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ របួសធ្ងន់ (ពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរទី១ឈ្មោះ មោក សារ៉ាក់ ភេទប្រុស អាយុ ២៦ ឆ្នាំ ពាក់មួកសុវត្ថិភាព មានទីលំនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ របួសធ្ងន់ និងទី២ឈ្មោះ គិត តុលា ភេទប្រុស អាយុ ១៨ឆ្នាំ អត់ពាក់មួកសុវត្ថិភាព មានទីលំនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ របួសធ្ងន់ (ជិះម៉ូតូបុកពីក្រោយរថយន្ត)។

រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-0734 ដឹកសិស្សសាលា ប្រជាជន -កម្ពុជា អន្តរជាតិ ធ្វើដំណើរពីត្បូង បើកបរដោយឈ្មោះ ភោក ជា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។

មូលហេតុ៖ ម៉ូតូបើកបរក្នុងល្បឿន។

ក្រោយកើតហេតុ វត្ថុតាងទាំងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកបាទី ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់