ព័ត៌មានជាតិ

មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកចន្ទ្រា ជិះម៉ូតូបុកឆ្កែ បណ្ដាលឲ្យដួលស្លាប់មួយរំពេច

ស្វាយរៀង: កាលពីវេលាម៉ោង ២និង៥០នាទីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៤២-១៤៣ ស្ថិតក្នុងភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បានជិះម៉ូតូបុកឆ្កែរត់កាត់ផ្លូវ បណ្ដាលឲ្យដួលស្លាប់ភ្លាមៗនៅនឹងកន្លែង។

ជនរងគ្រោះឈ្មោះ គង់ ឆែល អាយុ៥៣ឆ្នាំ មុខរបរជាកងរាជអាវុធហត្ថខេត្ត មានឋាន:ជាមេបញ្ជាការរងស្រុកចន្ទ្រា រស់នៅភូមិពោធិ ឃុំមេសថ្ងក ស្រុកចន្ទ្រា។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខស្វាយរៀង ១H៦៦៧០ ធ្វើដំណើរពីលិចទៅកើត។ មកដល់ចំណុចកើតហេតុ ស្រាប់តែមានសត្វឆ្កែរត់ឆ្លងផ្លូវ បានបុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឲ្យដួលម៉ូតូជនរងគ្រោះស្លាប់មួយរំពេច ចំណែកម៉ូតូខូចខាតស្រាលប៉ុណ្ណោះ។

ក្រោយកើតហេតុសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាង ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប៕

មតិយោបល់