សៀមរាបៈ កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ មានយុវជន០២នាក់ បានធ្វើសកម្មភាពឆក់កាបូបភ្ញៀវ កំពុងជិះរ៉ឺម៉ក ត្រង់ចំណុចមុខប្រាសាទផ្លុង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
ជនសង្ស័យទី១.ឈ្មោះក្រិត វណ្ណថី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិបារយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (អ្នកបើកបរម៉ូតូ និងលូកឆក់) និង២.ឈ្មោះ អ៊ុក រិទ្ធករុណា ភេទប្រុស អ២យុ១៥ឆ្នាំ ទីលំនៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (អ្នកជិះក្រោយចូលរួមធ្វើសកម្មភាព)។
ជនសង្ស័យទាំងពីរ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅលាយទឹកមាស ពាក់ស្លាកលេខភ្នំពេញ 1HS.8956 ជាកម្មសិទ្ធរបស់ឈ្មោះ អ៊ុក រិទ្ធករុណា បានធ្វើសកម្មភាពលួចលូកឆក់កាបូបភ្ញៀវ កំពុងជិះរ៉ឺម៉ក ។
លុះដល់ចំណុចមុខប្រាសាទផ្លុង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ពេលឆក់បាន ជនសង្ស័យទាំងពីរនាក់ខាងលើ បានជិះគេចខ្លួនបាត់ ហើយជនរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ច ដោយភ្លាមៗ ពេលទទួលបានពត៌មាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងអង្គភាពការពារបេតិកភណ្ឌ កម្លាំងអង្គភាពនគរបាលទេសចរណ៍ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងប៉ុស្តិ៍សង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការល្បាតប្រទាក់ក្រឡាតាមដងផ្លូវ ក៏បានធ្វើការឃាត់ជនសង្ស័យទាំង០២នាក់ខាងលើបាន រួមនឹងវត្ថុតាងដូចជា៖
១.ម៉ូតូ០១គ្រឿងម៉ាកហុងដាស្កុបពី ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅលាយទឹកមាស ពាក់ស្លាកលេខភ្នំពេញ 1.HS8956 មធ្យោបាយធ្វើសកម្មភាព។
២.កាបូបលុយ និងសម្ភារៈរបស់ជនរងគ្រោះ (ប្រគល់ជូនជនរងគ្រោះវិញ)។
តាមចម្លើយរបស់ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព លួចឆក់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ បានរៀបចំកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់