ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូកាត់ភ្លៀងតែម្នាក់ឯង ហើយក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកកៀរបណ្តាលឲ្យខ្ទាតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខហាងលក់រថយន្តBMW ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ អឿង សំអុល ភេទប្រុស អាយុ២៤ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនលក់គ្រឿងសង្ហារិម ស្នាក់នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិព្រៃចំការ ឃុំស្វាយជ្រំ ស្រុកមេសាងខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានដឹងថានៅមុនពេលកើតហេតុ ខណៈដែលមេឃកំពុងតែធ្លាក់ភ្លៀងគេឃើញ ជនរងគ្រោះបានបើកម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ព្រៃវែង1M-4041 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅមកពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន។ ស្របពេលនោះដែលក៏មានរថយន្ត មិនចាំស្លាកលេខមួយគ្រឿង បានបើកមកពីក្រោយយ៉ាងលឿនដូចហោះ។ មកដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានព្យាយាមបើកវ៉ាជែងខាងស្តាំ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅកៀរម៉ូតូជនរងគ្រោះ បណ្តាលឲ្យម៉ូតូជនរងគ្រោះរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតវៀចដៃចង្កូតខាងឆ្វេង ហើយជនរងគ្រោះបានដួលម៉ូតូបោក ទៅនិងបង្គោលភ្លើងបំភ្លឺផ្លូវ បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ដោយឡែករថយន្តបង្កភ្លាមៗនោះ បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកជួយធ្វ;ការអន្តរាគមន៍ដល់កន្លែងកើតហេតុផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏ទាក់ទងហៅសមត្ថកិច្ចជំនាញ អោយចុះមកធ្វើការវាស់ និងដកហូតយកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រីឯសពបានប្រគល់សាច់ញាតិក្រុមគ្រួសារឲ្យដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់