ភ្នំពេញៈ បុរសជាប្តីម្នាក់ចេញមកពីធ្វើការដល់ផ្ទះ ស្រាប់តែបាត់ប្រពន្ធ និងទ្រព្យសម្បត្តិទៅជាមួយអស់ជិត ៣ពាន់ដុល្លារ ហេតុការណ៍ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ៧និង៣០នាទីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីដែលបាត់ខ្លួនខាងលើឈ្មោះ ខែត ស្រីទូច អាយុ ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជាមួយប្តីភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិដូនឪ ឃុំស្នាយអញ្ជិត ស្រុកជំគិរី ខេត្តកំពត។ ចំណែកប្តីឈ្មោះ ភី ប្រុស ហៅវណ្ណ: អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកហ្គាសទាន់សម័យម្តុំផ្សារថ្មី មានស្រុកកំណើតនៅភូមិដំណាក់ឈើក្រំឃុំស្នាយអញ្ជិត ស្រុកជំគិរី ខេត្តកំពត។
សម្ភារៈដែលប្រពន្ធយកទៅរួមមាន៖
-ខ្សែ.កមាសរបស់ប្តីទម្ងន់៥ជីមួយខ្សែ
-ខ្សែដៃមាសរបស់ប្រពន្ធមួយខ្សែទម្ងន់៣ជី
-កងដៃឈុត១៤កងជិត ១ពាន់ដុល្លារ
-កងជើង ២ខ្សែប្លាកទីនជាង ១លានរៀល
-លុយឲ្យប្រពន្ធទុក ៨០០ដុល្លារ សរុបទាំងអស់ប្រមាណ ៣ពាន់ដុល្លារ។
ដំណើររឿង៖ មុនពេលកើតហេតុពួកគាត់បានរៀបអាពាហ៍ពិពាហ៍ជាង ១ឆ្នាំមកហើយ មិនទាន់មានកូនទេ ចំណែករូបគាត់នឹងប្រពន្ធ ពុំដែលមានជំលោះនឹងគ្នាធ្ងន់ធ្ងរឡើយគឺ ស្រឡាញ់គ្នាជាធម្មតា ដោយឲ្យប្រពន្ធនៅតែផ្ទះដាំបាយឲ្យគាត់ហូបតែ ១ពេលក្នុង១ថ្ងៃ ហើយនៅមុនកើតហេតុគាត់ឆ្ងល់បន្តិចផងដែរព្រោះថា នៅពេលព្រឹកថ្ងៃកើតហេតុនោះ ប្រពន្ធតឿនឲ្យគាត់ប្រញាប់ទៅធ្វើការប្លែកជាងរាល់ថ្ងៃ។ លុះគាត់ត្រឡប់មកពីធ្វើការវិញមិនឃើញប្រពន្ធ បន្ទាប់មកអ្នកជិតខាងប្រាប់ថា ឃើញស្ត្រីជាប្រពន្ធរបស់គាត់ចេញទៅក្រៅតាំងពីថ្ងៃត្រង់មកម្ល៉េះ។
ចំណែកបងស្រីបង្កើតរបស់ស្ត្រីបាត់ខ្លួន ដែលរស់នៅបន្ទប់ជិតគ្នាប្រាប់ប្អូនថ្លៃទាំងទឹកភ្នែកផងដែរថា នៅមុនកើតហេតុគាត់ ត្រឡប់មកពីធ្វើការនៅពេលថ្ងៃត្រង់ ឃើញប្អូនស្រីខ្លួនរៀបចំខ្លួន ហើយគាត់សួរប្អូនស្រីតែប្អូនស្រីគាត់ប្រាប់ថា «គាត់ទៅលេងម៉ែពុកនៅស្រុក»។ ហើយគាត់សួរទៀតថា «តេប្រាប់ប្តីនៅ» ប្អូនស្រីឆ្លើយតបទៀតថា «អត់បានប្រាប់ទេ» រួចក៏ចេញទៅបាត់ លុះនៅម៉ោងកើតហេតុគាត់តេសួរទៅម៉ែពុក នៅស្រុកពួកគាត់មិនដឹងឡើយទើបមានការផ្អើលឆោឡោតែម្តង។
សូមបញ្ជាក់៖ ករណីនេះបុរសជាប្តីបានត្រឹមឱបរូបថតសូមឲ្យប្រពន្ធរបស់គាត់ត្រឡប់មកវិញគាត់មិនរករឿងអ្វីទេ៕
មតិយោបល់