ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋាននគរបាលបានឲ្យដឹងថា ជនជាតិអាមេរិកម្នាក់ បានមកជួលស្នាក់នៅក្នុងបន្ទប់លេខ១០២ អាផាតមែននិស្ស័យ ទីតាំងលេខ១៥០និង១៤ ផ្លូវលេខ៥១៦ ក្រុមទី៥២ ភូមិទី១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ហើយបានប្រើប្រាស់សារធាតុញៀន ប្រភេទ មេតំហ្វេតាមីន និងម៉ក់ហ្វីនខ្លាំងបណ្តាលឲ្យស្លាប់ដោយ គាំងបេះដូង កាលពីវេលាម៉ោង ២និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ។
ជនរងគ្រោះឈ្មោះ SMITHCHRISTOPHER DAVID ភេទប្រុស កើតនៅថ្ងៃទី៧ ខែមីនា ឆ្នាំ១៩៧៨ ជាអ្នកទេសចរណ៍កាន់លិខិតឆ្លងដែនលេខ… ស្នាក់នៅបន្ទប់កើតហេតុខាងលើ។
តាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទី ជនរងគ្រោះជាជនជាតិអាមេរិក និងប្រពន្ធជាជនជាតិអូស្ត្រាលី បានមកជួលបន្ទប់កើតហេតុខាងលើស្នាក់នៅ ហើយជនរងគ្រោះមានសភាពស្រវឹង លុះដល់ម៉ោង ៨និង៤០នាទី ជនរងគ្រោះក៏ចេញទៅផឹកនៅខាងក្រៅទៀត រហូតដល់ម៉ោង ៩និង០០នាទី ជនរងគ្រោះក៏ត្រឡប់មកវិញចូលក្នុងបន្ទប់ ចំណែកប្រពន្ធនៅឈរក្នុងបន្ទប់ខាងមុខ ហើយជនរងគ្រោះក៏ដើរចូលទៅក្នុងបន្ទប់ទឹកចុចសោពីខាងក្នុងប្រពន្ធ ក៏គោះសួរ ប្តីឆ្លើយថា អត់អីទេ រហូតដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែឮសម្លេងក្ឌុងក្ឌាំងក្នុងបន្ទប់ទឹក ប្រពន្ធក៏រត់ចុះទៅក្រោមប្រាប់ម្ចាស់អាផាតមិន រួចម្ចាស់អាផាតមិនក៏នាំគ្នា ៤ទៅ៥នាក់ឡើងមក គាស់ទ្វារបន្ទប់ទឹក ពេលគាស់បានឃើញជនរងគ្រោះដេកនៅលើឥដ្ឋមានបំណែកថ្មឡាបូសង្កត់លើ និងសម្ភារក្នុងបន្ទប់ទឹកបែកខ្ទេចអស់ និងអំពូលភ្លើងក៏បែក រួចនាំគ្នាលើកចេញមកក្រៅ ជួយធ្វើចលនា និងហៅរថយន្តសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត ពេលរថយន្តមកដល់ គ្រូពេទ្យពិនិត្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ពី១៥ឆ្នាំមុន ជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀន និងវិបត្តិផ្លូវចិត្ត។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះស្លាប់ដោយគាំងបេះដូង បណ្តាលមកពីការប្រើប្រាស់សារធាតុញៀនប្រភេទ មេតំហ្វេតាមីន និងម៉ក់ហ្វីន
សពត្រូវបានយកទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕

មតិយោបល់