ភ្នំពេញៈ នៅក្នុងរយៈពេលពីរថ្ងៃ សង្កេតឃើញថាមានហេតុការណ៍បំផ្ទុះគ្រាប់បែក មិនគួរឲ្យជឿបានកើតមានឡើង នៅក្នុងប្រទេសកម្ពុជា។ ករណីទីមួយត្រូវបានបង្កឡើង មិនទាន់ទាំងស្ងប់ស្ងាត់ផង នៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៦ កញ្ញា ស្រាប់តែនៅយប់ថ្ងៃទី៧ មុននេះក៏មានករណីបំផ្ទុះគ្រាប់បែកមួយទៀត នៅខេត្តកំពង់ចាម។
ពាក់ព័ន្ធនិងការបំផ្ទុះគ្រាប់បែកនេះ គេឃើញជនរងគ្រោះទី១ឈ្មោះ ចាន់ វណ្ណី ភេទ ស្រី អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ម៉ីង ហ៊ីវ អាយុ ៣៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម និងទី៣ ឈ្មោះ ដា មិនដ្រា ៣២ឆ្នាំ ភេទប្រុស ជនជាតិឥណ្ឌា។ ជនរងគ្រោះត្រូវបានគេអះអាងថា ស្នាក់នៅផ្ទះជួល លេខ៤៥AE2 ផ្លូវ៣៥០ ម្ដុំទួលស្លែង មុខរបរគ្រូបង្រៀន ភាសាអង់គ្លេស ដោយពួកគេខ្លះមានរបួសដៃស្ដាំ ចង្កេះ និងច្រមុះ។ ហេតុការណ៍នេះ បានកើតឡើង នៅផ្លូវ១៦៣ សង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ កាលពីវេលា ម៉ោងជិត ៨យប់ថ្ងៃទី៦ ខែកញ្ញានេះ។
ដោយឡែកចំពោះករណី នៅខេត្តកំពង់ចាមវិញ ការបំផ្ទុះគ្រាប់បែកក៏បានបង្ករ ដោយជនមិន ស្គាល់អត្តសញ្ញាណផងដែរ តែមិនមានជនណាម្នាក់រងរបួសនោះឡើយ។ ហេតុការណ៏នេះ បានកើតឡើងកាលពីវេលា ម៉ោង១២ និង១៣ នាទីរំលងអធ្រាត ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ដោយជនបង្កហេតុបានគប់គ្រាប់បែក ចូលក្នុងផ្ទះឈ្មោះខៀវ ផាន់ ភេទប្រុស អាយុ៦៥ឆ្នាំ និង ប្រពន្ធឈ្មោះ សូ ផុន អាយុ ៦០ឆ្នាំ ស្ថិតក្នុងភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
មកទល់នឹងពេលនេះ មន្ត្រីអាជ្ញាធរ បានត្រឹមតែប្រកាស កំពុងស្វែងរកជនបង្កហេតុប៉ុណ្ណោះ ប៉ុន្តែនៅមិនទាន់មានលទ្ធផល ពីការកំណត់មុខសញ្ញា របស់ជនល្មើសនៅឡើយទេ។ អ៊ីចឹងហើយទើបបាន ជាករណីទាំងពីរ បានក្លាយជាប្រធានបទមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល និងមានការព្រួយបារម្ភខ្លាំង ពីសន្ដិសុខសុវត្ថិភាព ៕
https://www.youtube.com/watch?v=fxvBHePoALI
https://www.youtube.com/watch?v=Byl8vn6blm8
https://www.youtube.com/watch?v=9-yLlTWNPFA
រូបភាពការគប់គ្រាប់បែកចូលផ្ទះនៅកំពង់ចាមខាងក្រោមនេះ
ដោយៈវិចិត្រ
មតិយោបល់