ភ្នំពេញៈ កាលពីវេលាម៉ោង១ និង ៤៥នាទីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ មានករណីជនមិនស្គាល់មុខ បានវាយប្រហារទឹកអាស៊ីតលើព្រះសង្ឃវត្តថាន់២អង្គ បណ្ដាលឲ្យរងរបួស នៅតាមបណ្តោយមហាវិថីព្រះនរោត្តមមុខវត្តប្រយូវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
អង្គព្រះខាងលើមានព្រះនាម ខុន ឃន ព្រះជន្ម២២វស្សា បានរងរបួសចំព្រះសូរង ព្រះសោតា (ក ត្រចៀក) និងចំណែកមួយអង្គទៀតព្រះនាម សើច សល់ ព្រះជន្ម២១វស្សា បានរងរបួសព្រះកេស។ ព្រះសង្ឃទាំង២ អង្គ គង់នៅកុដិលេខ៣ក្នុងវត្តថាន់។
តាមព្រះសង្ឃរងគ្រោះព្រះនាម ខុន ឃន បានមានសង្ឃដីកាឲ្យដឹងថា នៅមុនពេលកើតហេតុ ព្រះសង្ឃចំនួន៤អង្គ បាននិមន្តតាមរ៉ឺម៉កម៉ូតូកង់៣ ចេញពីវត្តបំណងទៅរៀន នៅពុទ្ធកវិទ្យាល័យព្រះសុរាម្រឹត ដែលស្ថិតនៅជិតតុលាការកំពូល។
លុះមកដល់មុខវត្តប្រយូវង្ស ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង បានជះទឹកអាស៊ីតមកលើព្រះអង្គ ដែលកំពុងតែគង់នៅលើរ៉ឺម៉កម៉ូតូកង់៣ បណ្តាលឲ្យព្រះអង្គ និងព្រះសង្ឃមួយអង្គទៀតបានរងរបួស ចំណែក២អង្គទៀតមិនមានរងរបួសនោះទេ។
មូលហេតុយ៉ាងណានោះ នៅមិនទាន់ដឹងទ្បើយ។
បច្ចុប្បន្នករណីនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់មុខសញ្ញាជនបង្កយកមកផ្ដន្ទាទោសឲ្យបាន៕
មតិយោបល់