ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ: កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទី នៅចំណុចភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដឹកនាំដោយលោកវរសេវីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងថា៖ ក្រោយទទួលបានព័ត៌មានស្តីពីករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកើតហេតុខាងលើ លោកបានស្នើសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចុះបង្រ្កាប និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបដល់ទីតាំងតែម្តង រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់រួមមាន៖
១-ឈ្មោះ ស៊ិន សុរដ្ឋា ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។
២-ឈ្មោះ សួន ចិន្តា ហៅ មាន ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្នរស់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។
៣-ឈ្មោះ ហឿន ម៉ានិត ហៅ ចាន់ ដេត ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។
៤-ឈ្មោះ ដៀប សិរីបុត្រ ហៅ មិច ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រជាការពារភូមិ បច្ចុប្បន្នរស់នៅភូមិសំរោង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។
៥-ឈ្មោះ ស ខាំស៊ិញ ហៅ មិច ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្នរស់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។

វត្ថុតាងដកហូតរួមមាន៖
-គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ១ថង់ស្មើ ១០០.៤ក្រាម
-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
-ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១
-កាំភ្លើងកែឆ្នៃ ចំនួន ២ដើម
-បំពង់ជក់ និងដែកកេះ មួយចំនួន
-ម៉ូតូ ចំនួន ២គ្រឿង
-ទូរស័ព្ទដៃ ចំនួន ៤គ្រឿង
-កាំបិតជំពុះទុង ចំនួន ១ ។

ក្រោយធ្វើការសាកសួរជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់សារធាតុញៀនពិតប្រាកដ យោងលើការធ្វើតេស្តរកសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់