ព័ត៌មានជាតិ

ស្រវឹងបើករថយន្ត ទៅបុកម៉ូតូកង់បីឥណ្ឌា និងរបងថ្មអគារទុកចោលមួយកន្លែង បណ្តាលឲ្យរងរបួសមនុស្ស ៣នាក់

ភ្នំពេញ: បុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តហាយទ្បែនឌ័រមួយគ្រឿង ដឹកនារីរូបស្រស់ពីរនាក់បោះពួយយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌា ដែលកំពុងបើកឆ្លងផ្លូវ រួចបន្តទៅបុករបងថ្មអគារទុកចោលមួយខ្នង កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរខារ៉ាអូខេសំរិទ្ធពេជ្រ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ កែងនិងផ្លូវ១៩៨៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ម៉ាកបាចា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GH-2935 មានដឹកភ្លៀវជាបុរសជនជាតិចិនម្នាក់ និងនារីជាជនជាតិខ្មែរចំនួន២នាក់ទៀតពីក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង។

លុះមកដល់ចំណុចកើតហេតុម៉ូតូកង់បីឥណ្ឌា ក៏បានបត់ឆ្វេងបំណងឆ្ពោះទៅផ្លូវ១៩៨៦ នៅពេលនោះស្រាប់តែមានរថយន្តបង្កខាងលើ ម៉ាកហាយទ្បែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AE-4865 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ និងរួមដំណើរជាមួយនារីរូបស្រស់ចំនួន២នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ ទិសដៅពីលិចទៅកើត ជាមួយល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែក ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាខាងលើចំពីមុខទាំងកម្រោល បណ្តោយឲ្យម៉ូតូកង់បីឥណ្ឌាខ្ទាតផ្លោងជិត១០ម៉ែត្រ ក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ ចំណែកភ្ញៀវជាជនជាតិចិនរងរបួសរយះកែងដៃ និងកែងជើង រីឯនារីចំនួន២នាក់ទៀតបានរងរបួសបែកមុខបែកមាត់។

ដោយឡែករថយន្តបង្កនៅតែមិនទាន់អស់ល្បឿន ក៏បន្តឆ្ពោះទៅមុខត្រង់បុកនិងរបងថ្មអគារទុកចោលមួយខ្នង បណ្តាលឲ្យរបើកប្រេះអស់មួយផ្ទាំង។ ចំណែកឯរថយន្តបង្កបានរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួចភ្លាមៗក៏មានប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកសម្ភពពន្លឺ មកធ្វើការដឹកជនរងគ្រោះទាំងបីនាក់ យកទៅសង្គ្រោះភ្លាមៗផងដែរ៕

ក្រោយពេលកេីតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តបង្ក និងម៉ូតូកង់បីឥណ្ឌា រួមទាំងអ្នកបេីករថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសាកសួរនាំ និងរង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕

មតិយោបល់