កណ្តាលៈ កាលពីវេលាម៉ោង ១២ និង០០នាទីកណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា នៅចំណុចភូមិកណ្ដាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ហ៊ិន គីម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ ចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានរបួសក្បាលផ្នែកខាងមុខ លើផ្ទៃមុខ និងបបូរមាត់ ។
ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ រិន សុវណ្ណ ហៅ ណយ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មុខរបរជាងសំណង់
(ត្រូវជាប្អូនថ្លៃ ជនរងគ្រោះ) ។
វត្ថុតាងចាប់យក៖ ដំបងឈើចំនួន២កំណាត់ ។
ដំណើររឿង៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨ និង០០នាទីព្រឹក ជនរងគ្រោះ និងជនសង្ស័យ ព្រមទាំងមនុស្សជាច្រើននាក់ទៀត បានទិញស្រាបៀរ និងស្រាថ្នាំមកផឹក នៅកន្លែងរោងលក់គ្រឿងសង្ហារឹមរបស់ឈ្មោះ រិន សុវណ្ណ និងមានដាក់ខារ៉ាអូខេ ច្រៀងលេង ។
លុះដល់វេលាម៉ោងកើតហេតុ ជនរងគ្រោះ បានបើកសំទ្បេងខារ៉ាអូខេច្រៀងឮខ្លាំង ពេលនោះជនសង្ស័យ ប្រាប់កុំឲ្យបើកឮពេកអ្នកជិតខាងគេដេក តែជនរងគ្រោះ មិនស្តាប់ក៏មានទំនាស់ពាក្យសម្ដីគ្នា បន្តិចក្រោយមកជនសង្ស័យ បានដាល់ត្រូវមុខជនរងគ្រោះមួយដៃ បណ្ដាលឲ្យជនរងគ្រោះដួលផ្ងារក្រោយ ហើយជនសង្ស័យបានយកដំបងមែកស្វាយពីក្រោយរោង មកវាយលើក្បាលជនរងគ្រោះជាច្រើន បណ្ដាលឲ្យមានរបួសស្នាម និងសន្លប់បាត់ស្មារតី ហើយដំបងបានបាក់ជាពីរជាកំណាត់ ឃើញដូចនោះឈ្មោះ អាត ខេង និងមនុស្សជាច្រើននាក់ទៀត បានចូលមកឃាត់ជនសង្ស័យ ។
បន្ទាប់ក្រុមគ្រួសារជនរងគ្រោះ បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកាលម៉ែត្រ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ចុះអន្តរាគមន៍ឃាត់ខ្លួន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់