ភ្នំពេញៈ បុរសម្នាក់ខឹងប្រពន្ធ រួចចោទថា មានសហាយស្មាន់ ស្រាប់តែកើតជាហិង្សាប្រតាយប្រតប់គ្នា បណ្តាលឲ្យបែកក្បាលហូរឈាម បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៨ និង៥៥នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងបុរីកំពុងសាងសង់ នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស ស្រីណែត ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ចំណែកប្តីឈ្មោះ ហៃ សាវី អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នាមានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង។
តាមប្រភពពីជនរងគ្រោះជាប្រពន្ធ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារឃើញប្តីរបស់គាត់ និងមិត្តម្នាក់ទៀតផឹកស្រាស្រវឹង ខណៈនោះគាត់មិនសូវស្រួលខ្លួនផង គាត់ក៏កោសខ្យល់ខ្លួនឯង។
ក្រោយមកមិត្តរបស់ប្តីគាត់ត្រឡប់ទៅវិញបាត់ ស្រាប់តែបុរសជាប្តីសុំលុយប្រពន្ធ តែប្រពន្ធប្រាប់ថា អត់មានលុយធ្វើឲ្យប្តីខឹង និយាយថា ខំរកលុយឱ្យរាល់ថ្ងៃហើយ នៅតែលុយមិនសល់ទៀត មានតែប្រពន្ធលួចមានសហាយស្មាន់ជាមួយអ្នកផ្សេង។
ប្រភពដដែលបន្តថា ចំណែកប្រពន្ធវិញខឹងប្តីខ្លួនចោទប្រកាន់ថា មានសហាយស្មាន់ បានស្ទុះយកកាំបិតបម្រុងកាប់ប្តី ក៏ត្រូវប្តីស្រវឹងស្រា ប្រតាយប្រតប់វិញ បណ្តាលឲ្យជ្រុលដៃវាយប្រពន្ធរបស់ខ្លួន បែកក្បាលហូរឈាមស្រោចខ្លួនតែម្តង។
ភ្លាមៗនោះស្ត្រីជាប្រពន្ធរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ហើយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានទៅដល់កន្លែងកើតហេតុ។
ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បាននាំភាគីទាំងសងខាងមកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ម្តងទៀត ដើម្បីធ្វើការអប់រំ ដោយភាគីជាប្រពន្ធមិនប្តឹងផ្តល់ សមត្ថកិច្ចបានឲ្យភាគីទាំងសងខាង ត្រឡប់ទៅវិញផងដែរ៕




មតិយោបល់